(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានបង្ហាញរូបភាពបុគ្គល២រូប ដែលជាប្រភពនៃការចម្លងមេរោគកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺឈ្មោះ ឆែម សុនីតា និងឈ្មោះ តាំង សេវិនអាប់ ហើយក្រសួងបានអំពាវនាវដល់អ្នកប៉ះពាល់ពួកគេ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានបន្ថែម របស់ក្រសួងសុខាភិបាល ស្តីពីការបន្តស្រាវជ្រាវរកប្រភពនៃការចម្លងវីរុសកូដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។

ក្រសួងសុខាភិបាល បានឲ្យដឹងយ៉ាងដូច្នេះថា៖ «ក្រោយពីក្រសួង បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការស្រាវរកប្រភពនៃការចម្លងវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នាថ្ងៃទី០៣ និងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ រួចមក ក្រុមការងាររបស់ក្រសួងសុខាភិបាល បានបង្ហាញរូបថតរបស់បុគ្គល ២នាក់ គឺស្ត្រីឈ្មោះ ឆែម សុនីតា អាយុ ៣០ឆ្នាំ និងបុរសឈ្មោះ តាំង សេវិន អាប់ អាយុ ៤២ឆ្នាំ ដែលអាចឆ្លងវីរុសកូវីដ-១៩ មុនគេ និងជាករណីជាសះស្បើយក្រោយការបង្ករោគហើយ និងដែលអាចជាប្រភពទី១នៃការចម្លងសម្រាប់ ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ពីករណីនាំចូលមកកម្ពុជា ក្នុងកំឡុងខែតុលា ឆ្នាំ២០២០»។

ដើម្បីទប់ស្កាត់ការចម្លងក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងបានអំពាវនាវដល់បុគ្គលទាំងអស់ដែលនៅតាមរាជធានី-ខេត្ត ដឹងខ្លួនថាជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុគ្គលទាំង ០២នាក់ខាងលើ ដោយគិតចាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ទោះជាមិនមានរោគសញ្ញាក៏ដោយ ត្រូវមកធ្វើតេស្តដោយយកវត្ថុសំណាក និងពិនិត្យឈាម នៅតាមមន្ទីរពេទ្យខេត្តដែលលោកអ្នកស្នាក់នៅ។ បើនៅរាជធានីភ្នំពេញ សូមទៅធ្វើតេស្តយកវត្ថុសំណាក នៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ រាជធានីភ្នំពេញ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្ដអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបទាំងអស់ បានចំនួន ១០,១៤៧សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីសរុបចំនួន២៩នាក់។ អ្នកជំងឺទាំងនោះ កំពុងដាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ ចំនួនសរុប ៣៤៥នាក់ (ស្ត្រី ៨០នាក់ និងបុរស ២៦៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៥នាក់។ ក្នុងនោះអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន៣៤នាក់ និងអ្នកសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ចំនួន០៦នាក់៕

ខាងក្រោមនេះជារូបភាព ឆែម សុនីតា និងតាំង សេវិនអាប់ ដែលក្រសួងបង្ហាញនៅក្នុងសេចក្តីប្រកាសព័ត៌មាន៖