(កណ្តាល)៖ ក្រុមចោរប្លន់វ័យក្មេង ២នាក់ ដែលបានធ្វើសកម្មភាពប្លន់ដ៏កក្រើកនៅស្រុកពញាឮ កាលពីខែមុននោះ ត្រូវបានតុលាការខេត្តកណ្តាល សម្រេចឃុំខ្លួននៅពន្ធនាគារហើយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ដោយចោទប្រកាន់ពីបទ «អំពើលួចមានស្ថានទម្ងន់ទោស» តាមមាត្រា ៣៥៣ និង ៣៥៧ នៃក្រមព្រហ្មទណ្ឌ។ ដោយឡែកជនសង្ស័យម្នាក់ទៀត ដែលជាមន្រ្តីយោធាកំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចក៏កំពុងតាមប្រមាញ់ផងដែរ។

ក្រុមចោរប្លន់ទាំង ៣នាក់នេះ រួមមាន៖ ១.ឈ្មោះ ទ្រី សុឃីម ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូរថយន្ត ទីលំនៅភូមិតា គោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល, ទី២. ឈ្មោះ សេង ដា ហៅ ស្វូយ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ ជាងពិតាន ទីលំនៅភូមិតាគោក ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល។ ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី៩-១០ ខែកុម្ភៈ។ ដោយឡែកជនសង្ស័យឈ្មោះ មាន វាសនា ហៅ ជៀស ភេទប្រុស អាយុ ២៥ឆ្នាំ ជាមន្រ្តីយោធា ឋានន្តរស័ក្កិអនុសេនីយ៍ទោ ទីលំនៅភូមិវត្តត្បូង ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល កំពុងរត់គេចខ្លួន។ ក្រុមជនសង្ស័យទាំងនេះ គឺជាអតីតកូនប្រសារ និងជាប្អូនធម៌របស់ជនរងគ្រោះផងដែរ។

សូមបញ្ជាក់ថា កាលពីក្បាលព្រលប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ ក្រុមចោរប្លន់មួយក្រុមមានគ្នា៣នាក់ ប្រដាប់ដោយកាំភ្លើងខ្លី ០១ដើម និងវែង ០១ដើម ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ ពាក់មួក ពាក់ម៉ាស់មុខ បាននាំគ្នាចូលតូបលក់ចាប់ហួយ និងធ្វើសកម្មភាពភ្ជង់ គំរាមជនរងគ្រោះពីរនាក់ម្តាយកូន ប្លន់យកគ្រឿងអលង្ការអស់ជាច្រើន ហើយក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។

ជនរងគ្រោះមាន ឈ្មោះ ព្រីង ស៊ិន ភេទស្រី អាយុ ៤៥ឆ្នាំ មុខរបរលក់ដូរ ជាម្ដាយ និងកូនស្រី តេង រ៉ាន់ អាយុ ២៣ឆ្នាំ ជាកម្មការីនី។

ទ្រព្បសម្បត្តិ ដែលក្រុមចោរបានប្លន់ទៅនោះរួមមាន៖ ទូរស័ព្ទ០២គ្រឿង LG .Nokai, ប្រាក់ ២០ម៉ឺនរៀល, ប្រាក់ដុល្លារ ១.១០០ ដុល្លារ, ខ្សែដៃមាស ៤ខ្សែ ទម្ងន់ ១តម្លឹង ៥ជី, ខ្សែក មាស ៤ខ្សែ ទម្ងន់ ១ តម្លឹង ៦ជី ៥ហ៊ុន, ចិញ្ចៀនមាស ៣វង់ ទម្ងន់ ៥ជី, បណ្ដោងខ្សែកមាស ចំនួន២, ចិញ្ចៀនពេជ្រ ៦វង់, ខ្សែក ប្លាកទីន ១ខ្សែ ទម្ងន់ ២ជី, ខ្សែកជើង ១ខ្សែ ទម្ងន់ ១ជី ៥ហ៊ុន។

ក្រុមជនសង្ស័យបានសារភាពថា ពួកគេពិតជាបានចូលប្លន់នៅផ្ទះជនរងគ្រោះ ជាមួយការរៀបចំគម្រោងយ៉ាងលំអិត។ ជាមួយការ ឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងសមត្ថកិច្ច ក៏បានដកហូតសម្ភារ លុយកាក់មួយចំនួនផងដែរ៕