(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ បានថ្លែងឲ្យដឹងថា បានឲ្យកំលាំងអាវុធហត្ថ ខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវចូលរួមក្នុងការទប់ស្កាត់ ការរីករាលដាល នៃការចម្លងមេរោគ កូវីដ-១៩ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

លោកបញ្ជាក់ទៀតថា មានទីកន្លែងសម្រាប់ធ្វើចត្តាឡីស័ក ផ្ទៃក្នុងកងរាជអាវុធហត្ថខេត្តចំនួន៤បន្ទប់កន្លែងជាប្រចាំ ត្រួតពិនិត្យរការចេញចូលក្នុងអង្គភាពទាំងកងកម្លាំងអាវុធហត្ថ ទាំងភ្ញៀវមកទំនាក់ទំនង ត្រូវអនុវត្តន៍ការបាញ់អាល់កុល ពិនិត្យកម្ដៅ ពាក់ម៉ាស់ និងការរក្សាគម្លាត នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩នេះ វាមានសារសំខាន់ណាស់ ព្រោះជំងឺនេះវាអាចឆ្លងតាមរូបភាព និងស្ថានភាពផ្សេងៗ ក្នុងនោះមានការតម្រូវឲ្យបាញ់កំដៅ ឃុំខ្លួន លាងសម្អាតដៃនឹងទឹក ទឹកសាប៊ូ និងទឹកលាងដៃ HAND Gel ជាដើម ហើយជួបគ្នាត្រូវលើកដៃសំពះគ្នាឬលើកដៃជាសញ្ញា ចៀសវាងចាប់ដៃព្រោះបារម្ភការចម្លងមេរោគនេះ។

លោកបន្តថា «មេរោគកូវីដ១៩នេះ ជាមេរោគដ៍កាចសាហាវនៅតែបន្តវាយលុកយ៉ាងខ្លាំងលើពិភពលោកធ្វើមនុស្សជាតិកើតជំងឺនេះស្លាប់ និងមានអ្នកជំងឺកើតរាប់លាននាក់ក្នុងពិភពលោក រហូតមកដល់សព្វថ្ងៃនេះនៅមិនទាន់មានថ្នាំអាចសម្លាប់មេរោគនេះបាននៅឡើយ ដូច្នេះយើងទាំងអស់ត្រូវចូលរួមបង្ការទប់ស្កាត់មេរោគ covid19 នេះឲ្យបានគ្រប់គ្នាដោយមន្ត្រីជំនាញក្នុងទីបញ្ជាការកងជអាវុធហត្ថបង្រៀនដល់ពួកអស់លោក ឲ្យចេះប្រើប្រាស់អាល់កុលលាងដៃ និងឲ្យចេះប្រើម៉ាសឲ្យបានគ្រប់ៗគ្នា»។

លោកបានបន្ថែមឲ្យដឹងថា លោកនាយឧត្តមសេនីយ៍ សៅ សុខា បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីអនុវត្តន៍តាមការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រសួងសុខាភិបាល ដោយជំរុញ
កម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវរួមគ្នាចុះផ្សព្វផ្សាយបង្ការ និងទប់ស្កាត់ជំងឺ COVID-19នេះទាំងអស់គ្នា។

ក្នុងនោះលោកបានជំរុញដល់លោកតា លោកយាយ អ៊ំពូមីង និងបងប្អូនទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត និងបង្កបង្កើតផលដាំដំណាំឲ្យបានកាន់ច្រើន ដើម្បីបង្កើនជីវភាពបានធូធាជាងមុន ជាពិសេសត្រូវរស់នៅស្អាត ហូបស្អាត មានអនាម័យ ដោយត្រូវពាក់ម៉ាស់នៅកន្លែងសាធារណៈ និងលាងសម្អាតដៃឲ្យបានជាប្រចាំ ក្នុងន័យចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ផងដែរ៕