(កណ្ដាល)៖ ប្រជាពលរដ្ឋចំនួន៣គ្រួសារ ដែលសុទ្ធសឹងតែមានអតីតភាពជាមន្រ្តីយោធាបម្រើការងារក្នុងជួរកងទ័ព និងជាប្រធាន-អនុប្រធាន ក្រុមគណបក្សប្រជាជនកម្ពុជាប្រចាំភូមិ សព្វថ្ងៃរស់នៅក្នុងភូមិដងគោម ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្ដាល បានទទូចម្ដងហើយម្ដងទៀត ដល់អាជ្ញាធរពាក់ព័ន្ធ តាំងពីថ្នាក់ឃុំ ស្រុក និងខេត្ត មេត្តាជួយរកយុត្តិធម៌ និងជួយដោះស្រាយបញ្ហាដីលំនៅដ្ឋាន ដែលពួកគាត់កំពុងរស់នៅអស់រយៈពេល៣៧ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ១៩៨៣ មកម្ល៉េះ ប៉ុន្តែមិនទាន់ទទួលបានវិញ្ញាបនប័ត្រ សំគាល់អចលនទ្រព្យបញ្ជាក់ស្របច្បាប់នៅឡើយ រហូតមកដល់ពេលនេះ។

ការទទូចសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ជួយរកយុត្តិធម៌ និងជួយដោះស្រាយបញ្ហាដីលំនៅដ្ឋាន រស់នៅសព្វថ្ងៃនេះ គឺដោយសារតែពួកគាត់បានទទួលរង នូវការមិនឯកភាពពីសំណាក់លោកមេភូមិដងគោម មិនឲ្យពួកគាត់ចំនួន៣គ្រួសារនេះរស់នៅបន្តទៀត និងរារាំងមិនឲ្យទទួលបានវិញ្ញាបនប័ត្រសំគាល់អចលនទ្រព្យស្របច្បាប់ ដោយសំអាងថា ជាដីទីស្នាក់ការភូមិ និងតម្រូវឲ្យពួកគាត់រើចេញ ដើម្បីយកដីនេះធ្វើជាទីស្នាក់ការភូមិ។

យោងតាមលិខិតស្នើសុំជួយអន្តរាគមន៍ និងស្វែងរកដំណោះស្រាយ ដាក់ចូលទៅកាន់អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ប្រជាពលរដ្ឋទាំង៣គ្រួសារ បានរៀបរាប់ថា ពួកគាត់ទាំងអស់គ្នាកើតទុក្ខមិនសុខចិត្តនឹងមេភូមិ មេឃុំ មិនអនុញ្ញាតឲ្យពួកគាត់ធ្វើប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីលំនៅដ្ឋានដែលពួកគាត់កំពុងរស់នៅរាប់ឆ្នាំមកហើយនោះទេ បែរជាឲ្យឈ្មោះ មុត អុល រស់នៅភូមិព្រែកតាមែ ឃុំកំពង់អុស ស្រុកពញ្ញាឮ ជាជំទប់ទី១ បានកាន់កាប់លើដីរបស់ពួកគាត់ទៅវិញ ដោយអះអាងថា ជាដីស្នាក់ការភូមិ។

ក្នុងលិខិតដដែលប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់លោកអភិបាលខេត្តថា ដីទីស្នាក់ការភូមិនេះកាលពីមុនពេលចេញប័ណ្ណចាស់ ចុះបញ្ជីលើដីមានទំហំ៥៧៨ម៉ែត្រការ៉េ ដោយវាស់លើដីទួលភូមិ ស្រាប់តែចេញប័ណ្ណថ្មីមានទំហំសរុប៧៤០ម៉ែត្រការ៉េ ដោយមិនវាស់លើដីភូមិឡើយ បែរជាមកវាស់លើដីរបស់ពួកគាត់ទៅវិញ។ ពួកគាត់បានរស់នៅតាំងពីឆ្នាំ១៩៨៣មកម្ល៉េះ ដោយនៅពេលនោះពួកគាត់ស្ថិតនៅជាយោធាស្រុក និង២នាក់ទៀតស្ថិតនៅក្នុងកងសេនាជនឃុំកំពង់អុស បានស្នើសុំលោកមេភូមិចាស់ឈ្មោះ អ៊ុង សៀក និងដោយមានការឯកភាពពីមេឃុំចាស់ឈ្មោះ ជុំ សារឿន បានអនុញ្ញាតឲ្យពួកគាត់រស់នៅលើដីនេះ តាំងពីពេលនោះមក ដោយពុំមានអ្វីជាឧបសគ្គឡើយ។

ដោយឡែក តំណាងប្រជាពលរដ្ឋទាំង៣គ្រួសារខាងលើ លោក អ៊ុង ពឿន អាយុ៥៨ឆ្នាំ ជាអនុប្រធាន ក្រុមគណបក្សប្រជាជនកម្ពុជាប្រចាំភូមិ បានថ្លែងប្រាប់ Fresh News ថា ពួកគាត់ជាអតីតយោធា និងបានបម្រើការពារជាតិអស់រយៈពេលជាច្រើនឆ្នាំ ហើយបានរស់នៅលើដីនេះ ៣៧ឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីនោះឡើយ។ ប៉ុន្តែទើបតែថ្មីៗនេះ ពេលអាជ្ញាធរខេត្តចុះមកធ្វើវិញ្ញាបនប័ត្រសំគាល់អចលនទ្រព្យ បែរជាមានការរារាំងពីលោកមេភូមិឈ្មោះ ម៉ន ម៉ែន ហើយអះអាងថា ជាដីស្នាក់ការភូមិទៅវិញ។ លោកថា ម្យ៉ាងទៀតបើយោងតាមច្បាប់ភូមិបាល ប្រសិនបើពលរដ្ឋណារស់នៅលើដីកំណើត លើសរយៈពេល៥ឆ្នាំ នឹងទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់ ប៉ុន្តែជាក់ស្ដែងពេលនេះ គឺពួកគាត់រស់នៅ៣៧ឆ្នាំ មានកូនពូនជាចៅទៅហើយ នៅមិនទាន់មានសិទ្ធិកាន់កាប់ទៀត។

លោកបន្តថា កន្លងមកពួកគាត់បានសរសេរលិខិត ដើម្បីសុំការអន្តរាគមន៍ជួយរកយុត្តិធម៌ និងជួយដោះស្រាយបញ្ហាដីលំនៅដ្ឋាន ពីសំណាក់អាជ្ញាធរខេត្ត ដោយរដ្ឋបាលខេត្ត បានប្រគល់ភារកិច្ចនេះដល់ លោកអភិបាលស្រុក និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តពិនិត្យ និងដោះស្រាយលើករណីនេះ ដោយអាជ្ញាធរស្រុក និងឃុំបានដឹកនាំកិច្ចប្រជុំជាច្រើនលើក ប៉ុន្តែមិនទទួលបានលទ្ធផល ខណៈដែលមេភូមិនៅតែជំទាស់។ ជាមួយគ្នានេះលោកមេភូមិ ក៏បានដើរបំផុសដល់ពលរដ្ឋក្នុងភូមិឲ្យផ្ដិតមេដៃ ដើម្បីឲ្យពួកគាត់ទាំងបីគ្រួសារ រើចេញពីដីនេះ ប៉ុន្តែពលរដ្ឋជាច្រើនមិនបានឯកភាពតាម។

យោងតាមលិខិតរបស់រដ្ឋបាលខេត្តកណ្ដាល ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានទទួលលិខិតចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ របស់ឈ្មោះ អ៊ុង ពឿន, ឡុង ពៅ, កុយ រិន, ស៊ីន មី, ខាន់ ខន និងឈ្មោះ លឹម យឿន លើករណីស្ដីពីការស្នើសុំជួយរកយុត្តិធម៌ និងជួយដោះស្រាយបញ្ហាដីលំនៅដ្ឋានរបស់ពួកគាត់ ស្ថិតនៅក្នុងភូមិដងគោម ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្ដាល ដែលមានប័ណ្ណ លេខ៧៥៣,៧៣៦ និង៧៤២ ដែលអាជ្ញាធរភូមិ-ឃុំ មិនអនុញ្ញាតឲ្យធ្វើកម្មសិទ្ធិ កាន់កាប់ដីលំនៅដ្ឋាននោះ ប៉ុន្តែបែរជាឲ្យឈ្មោះ មុត អុល រស់នៅភូមិតាមែ ឃុំកំពង់អុស ស្រុកពញ្ញាឮ ជាជំទប់ទី១ បានកាន់កាប់សិទ្ធិដីធ្លីពួកគាត់ទៅវិញ ដោយអះអាងថា ជាដីស្នាក់ការភូមិ។

ក្នុងលិខិតនោះបានបញ្ជាក់ទៀតថា រដ្ឋបាលខេត្ត បានប្រគល់ភារកិច្ចនេះជូនលោកអភិបាលស្រុក និងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តពិនិត្យករណីនេះ និងរាយការណ៍ជូនអភិបាលខេត្ត ដើម្បីមានមូលដ្ឋានឆ្លើយតប។

យ៉ាងណាមិញលោក ចាន់ សូត្រ មេឃុំកំពង់អុស បានថ្លែងប្រាប់ Fresh News ថា លោកក៏បានដឹងឮរួចហើយថា គ្រួសារទាំង៣នេះ បានរស់នៅអស់រយៈពេលជាច្រើនឆ្នាំមកហើយ លោកចង់ឲ្យតែបញ្ហានេះបានចប់ និងទទួលយកបានទាំងអស់គ្នាប៉ុណ្ណោះ។ យ៉ាងណាមិញលោកក៏បាន បើកកិច្ចប្រជុំជាមួយនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិ ដើម្បីស្វែងរកដំណោះស្រាយ និងធ្វើរបាយការណ៍ជាបន្តបន្ទាប់ជូនថ្នាក់ស្រុក ដើម្បីជួយធ្វើអន្តរាគមន៍ និងពិភាក្សារកដំណោះស្រាយ ជូនប្រជាពលរដ្ឋ៣គ្រួសារខាងលើផងដែរ។

លោកមេឃុំទទួលស្គាល់ថា ពលរដ្ឋទាំង៣គ្រួសារនោះ ហាក់មិនបានប្រាស្រ័យទាក់ទង ឬជម្រាបអាជ្ញាធរភូមិឲ្យបានជ្រាបច្បាស់លាស់ ពេលកំពុងរស់នៅ ដោយគិតថាខ្លួន នឹងមានសិទ្ធិកាន់កាប់ដីរបស់ខ្លួននេះ ដូចពលរដ្ឋទូទៅក្នុងភូមិ ទើបបណ្ដាលឲ្យមានរឿងស្មុគស្មាញដល់សព្វថ្ងៃ៕