(ភ្នំពេញ)៖ សមាជិក​ព្រឹទ្ធសភា​​អាមេរិកចំនួន៧រូប​ កាលពីម្សិលមិញ បានសរសេរ​លិខិតមួយទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយ​សម្តែងនូវការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ហើយអំពាវនាវឱ្យរដ្ឋាភិបាលបើកផ្លូវដល់តំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិទាំងអស់ អាចដើរតួនាទីរបស់ខ្លួនតាមបែបប្រជាធិបតេយ្យ ដោយមិនទទួលការបំភិតបំភ័យ ឬ គម្រាមកំហែង។

លិខិតសមាជិកព្រឹទ្ធសភា មកពីគណបក្សប្រជាធិបតេយ្យ ​ដែលបានសរសេរកាលពីម្សិលមិញ បានលើកឡើងថា «យើងពិតជាមានការព្រួយបារម្ភ ចំពោះរបាយការណ៍នានាស្តីពីភាពមិនប្រក្រតី ដែលកើតឡើងបន្ទាប់ពីការបោះឆ្នោត ឆ្នាំ២០១៣ ប៉ុន្តែយើងសង្ឃឹមថា គណបក្សប្រជាជនកម្ពុជា នឹងគោរពទៅតាមឆន្ទៈរបស់រាស្ត្រ និង បើកផ្លូវឲ្យសមាជិកសភាទាំងអស់មកពីគណបក្សសង្គ្រោះជាតិ អាចដើរតួនាទីរបស់ខ្លួនតាមបែបប្រជាធិបតេយ្យ ដោយមិនទទួលការបំភិតបំភ័យ ឬ គម្រាមកំហែងនោះឡើយ»

លិខិតរបស់សមាជិកព្រឹទ្ធសភា​អាមេរិកនេះ បានធ្វើឡើងមុនពេលដែល សម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ​នាពាក់កណ្តាលខែកុម្ភៈនេះ។

ព្រឹទ្ធសភាអាមេរិក បានលើកឡើងថា «យើងសរសេរលិខិតពេលនេះ ក្នុងនាមជាមិត្តរបស់កម្ពុជា ដែលចង់ឃើញទំនាក់ទំនងល្អបំផុតរវាង ប្រទេសទាំងពីរ និង ចង់ឲ្យជម្លោះរាប់ទសវត្សរ៍ត្រូវបញ្ចប់ ដើម្បីឲ្យកម្ពុជាមានភាពរីកចំរើន និង ក្លាយជាប្រទេសប្រជាធិបតេយ្យ ប្រកបដោយ ស្ថិរភាពពិប្រាក។ ប៉ុន្តែមួយរយៈកន្លងមកនេះ យើងបានទទួលរបាយការណ៍ស្តីពី ភាពជ្រួលច្របល់ផ្នែកនយោបាយ ដោយមានការលើកឡើងថា រដ្ឋាភិបាលនៅតែបន្តបដិសេធនូវការទាមទាររបស់ប្រជាជនទូទៅ ដែលចង់ឲ្យកម្ពុជា ក្លាយទៅជា ប្រទេសដែលមានតម្លាភាព, យុត្តិធម៌, និង ប្រជាធិបតេយ្យនោះ»

ក្រៅពីលើកឡើងអំពីបក្សប្រឆាំង ព្រឹទ្ធសភាអាមេរិកទាំង៧រូប ក៏បានជំរុញរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហា រំលោភសិទ្ធិកាន់កាប់ដីធ្លី និង ទ្រព្យសម្បត្តិ រួមទាំងការជួញដូរមនុស្សនៅកម្ពុជា ផងដែរ។ លិខិតសរសេរថា «អាមេរិកអំពាវនាវយ៉ាងទទូចឲ្យកម្ពុជា ដោះស្រាយបញ្ហានានា ដូចដែលបានរៀបរាប់ខាងលើ និង ជាពិសេសគឺការជួញដូរមនុស្ស តាមរយៈការបង្កើនកម្មវិធីអប់រំទូទាំងប្រទេស និង ក្រុមស្ម័គ្រចិត្តចុះជួយដល់មូលដ្ឋាន ព្រមទាំងទាំងបង្កើនទម្ងន់ទោស ដល់ជនដែលប្រព្រឹត្តការជួញដូរ»

ទោះជាយ៉ាងនេះក្តី លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានចាត់ទុកថា លិខិតរបស់ព្រឹទ្ធសភាអាមេរិកទាំង៧នាក់ ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន គ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ មិនបានឆ្លុះបញ្ចាំង អំពីព្រឹទ្ធសភាអាមេរិកទាំងអស់នោះទេ ។ លោកថា «សមាជិកព្រឹទ្ធសភាមួយក្រុមតូចនេះ គឺមិនមែនជាជំហររបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកនោះទេ អ្វីជាការលើកឡើង គឺជាការមិនឆ្លើយតបទៅនឹងអ្វី ដែលជាក់ស្តែង នៃសកម្មភាពរបស់ទណ្ឌិត ដែលតុលាការវិនិច្ឆ័យដោយឈរទៅលើ អង្គហេតុ និងអង្គច្បាប់របស់កម្ពុជា»

លោក ផៃ ស៊ីផាន បានចាត់ទុកថា ការចេញលិខិតនេះ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាហើយថា ជាការរំលោភលើដែនសមត្ថកិច្ចរបស់តុលាការ។ លោកបានប​ន្ថែមថា «អ្វីដែលកម្ពុជាកំពុងធ្វើសព្វថ្ងៃ គឺជាកិច្ចពង្រឹងនីតិរដ្ឋដែលឈរទៅលើកិច្ចការពារសណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាផលប្រយោជន៍ពហុបក្ស មានន័យថាយើងត្រូវតែកាត់ទោសអ្នកនយោបាយណា មិនមែនក្នុងកិច្ចការនយោបាយទេ ក៏ប៉ុន្តែតុលាការកាត់ទោសតាមអង្គហេតុ និងអង្គច្បាប់ ចំពោះបុគ្គលណាមិនថាបុគ្គលនោះស្ថិតក្នុងស្ថានភាពជាអ្នកនយោបាយ ឬអ្វីនោះទេ ឱ្យតែប្រព្រឹត្តខុសច្បាប់ តុលាការនឹងកាត់ទោស»