(តាកែវ)៖ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះ ប្រធានក្រុមប្រឹក្សាខេត្ត លោក យស ណាស៊ី បានស្ដីបន្ទោសមន្រ្តីជាន់ខ្ពស់ខេត្តតាកែវ មួយចំនួន ដែលចូលរួមនៅក្នុងកិច្ចប្រជុំ ស្លៀកពាក់មិនសមរម្យ ដូចជា ពាក់អាវយឺតមកចូលរួមប្រជុំ ដែលមិនសក្តិសមជាមន្រ្តីថ្នាក់ដឹកនាំខេត្ត និងមិនឲ្យតម្លៃដល់កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត។

បើទោះបីជាលោក យស ណាស៊ី មិនបញ្ចេញឈ្មោះមន្រ្តីពាក់អាវមិនសមរម្យយ៉ាងណាក៏ដោយ តែគេសង្កេតឃើញក្នុងកិច្ចប្រជុំក៏មានលោក ជួង វ៉ាន ដែលជាប្រធានមន្ទីធម្មការ និងសាសនាខេត្ត ម្នាក់គត់បានពាក់អាវយឺតដៃខ្លី ចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នៅរដ្ឋបាលខេត្តហាក់សម្ដែងមិនការគោរព និងមិនសក្តិសមជាប្រធានមន្ទីរស្ថាប័នរាជការមួយទាល់តែសោះ។

លោកប្រធានក្រុមប្រឹក្សាខេត្តតាកែវ បានបន្តទៀតថា ចំពោះកិច្ចប្រជុំដែលធំជាងគេនៅរដ្ឋបាលខេត្តតាកែវ គឺជាកិច្ចប្រជុំក្រុមប្រឹក្សានេះហើយ ដូច្នោះលោកក៏បានស្នើសុំដល់អ្នកចូលរួមប្រជុំទាំងអស់ ត្រូវធ្វើការស្លៀកពាក់ឱ្យបានសមរម្យ ព្រោះអស់លោកជាមន្រ្តីរាជការ និងជាថ្នាក់ដឹកនាំនៅតាមអង្គភាពចំណុះរដ្ឋបាលខេត្តផង។

ពាក់ព័ន្ធនឹងការស្ដីបន្ទោសនេះដែរ លោក ជួង វ៉ាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ហាក់មិនខ្វល់ និងស្ដីបន្ទោសនេះ ដោយបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមទូរស័ព្ទ ចំពោះរឿងស្លៀកពាក់មិនសមរម្យចូលប្រជុំនេះ គឺគាត់បានទៅសុំទោសលោកប្រធានក្រុមប្រឹក្សាខេត្តរួចហើយ ហើយកិច្ចប្រជុំលើកក្រោយ លោកនឹងកែប្រែអកប្បកិរិយាការស្លៀកពាក់នេះឡើងវិញ។

លោកប្រធានមន្ទីរបានបន្ថែមថា លោកបានដឹងថាថ្ងៃនេះប្រជុំក្រុមប្រឹក្សាខេត្ត តែចំពោះការស្លៀកពាក់បែបនេះមកចូលរួមប្រជុំ គឺដោយសារប្រពន្ធជូនមកលឿនពេកប្ដូរសម្លៀកបំពាក់មិនទាន់ ក៏សម្រេចចិត្តឡើងទៅចូលរួមប្រជុំតែម្ដង។

ជុំវិញការស្លៀកពាក់មិនសមរម្យចូលរួមប្រជុំបែបនេះដែរ មន្រ្តីរាជការផ្សេងៗ បានសម្ដែងការហួសចិត្ត ធ្វើដល់ថ្នាក់ដឹកនាំនៅអង្គភាពមួយដែរ តែស្លៀកពាក់មិនបានកូនចៅគេផង ហើយមើលទៅដូចជាមិនគោរព ឋានៈតួនាទីដែលខ្លួនមានសោះ និងមិនសក្តិសមជាមន្រ្តីទាល់តែសោះ៕