(កំពង់ឆ្នាំង)៖ រថយន្តមួយគ្រឿងកំពុងបើកបរនៅលើផ្លូវ ស្រាប់តែហៀរសាំងឆេះម៉ាស៊ីនខូចខាតទាំងស្រុងនៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ជួយដងទឹកពន្លត់គ្រប់ៗគ្នា។ ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៧-៨៨ ស្ថិតនៅ ក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់រថយន្តខាងលើមានឈ្មោះ ស៊ីន សាលីន អាយុ៣១ឆ្នាំ មានទីលំនៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

មុនពេលកើតហេតុ ម្ចាស់រថយន្តបានបើករថយន្តម៉ាក TOYOTA Matrix ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6849 ក្នុងដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ក៏ស្រាប់តែមាន អណ្ដាតភ្លើងឆាបឆេះ ពីក្នុងម៉ាស៊ីនយ៉ាងសន្ធោសន្ធៅ ភ្លាមនោះម្ចាស់រថយន្តបានអែបមកខាងស្ដាំដៃរួចបើកទ្វារចេញមកក្រៅ ខណៈនោះប្រជាពលរដ្ឋ បានជួយអន្តរាគមន៍ដោយដងទឹកពន្លត់ភ្លាមៗ ជាមួយនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្ត១គ្រឿង បានជួយបាញ់ពន្លត់ដោយប្រើរយៈពេលជាង១០នាទី ទើបគ្រប់គ្រងសភាពការណ៍បាន។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា រថយន្តខាងលើគឺឆេះបណ្ដាលមកពីលេចសាំងឆ្លងចរន្តភ្លើង បណ្តាលឱ្យឆេះម៉ាស៊ីនរថយន្តផ្នែកខាងមុខបែបនេះ និងបានបណ្តាលឲ្យរថយន្ត ខាងលើបានឆេះខ្ទេចផ្នែកខាងមុខ៕