(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី នៅល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ បាននាំយកម៉ាសក្រណាត់ចំនួន ២០,០០០ ម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចែកជូនអាជ្ញាធរសង្កាត់ទាំង៧ ដើម្បីបន្តចែកជូនប្រជាពលរដ្ឋ រស់នៅតាមសហគមន៍ក្រីក្រ ក្នុងការរួមគ្នាបញ្ចប់ឲ្យបានព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ស្ដីពីការទប់ស្កាត់ ការឆ្លងមេរោគកូវីដ-១៩។

លោក ជា ពិសី បញ្ជាក់ថា តាមអនុសាសន៏ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតទាំង១០ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នៃព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» ស្ដីពីការទប់ស្កាត់ ការឆ្លងមេរោគកូវីដ-១៩ ដែលបានដាក់ចេញកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន៖

*ទី១៖ បានណែនាំឲ្យថ្នាក់ដឹកនាំសាសនិកឥស្លាម ក៏ដូចជា ប្រជាពលរដ្ឋសាសនិកឥស្លាម មិនឲ្យមានការជួបជុំថ្វាយបង្គុំមួយរយះចំនួន០៤ទីតាំង
*ទី២៖ បានណែនាំប្រជាពលរដ្ឋ, អាហារដ្ឋាន និងភោជនីយដ្ឋានចំនួន ៤៦ទីតាំង មិនឲ្យមានការជួបជុំគ្នាច្រើន តែបើមនុស្សតិចជាង២០នាក់ សូមឲ្យមានការរក្សាគម្លាត ១,៥ម ទៅ ២ម
*ទី៣៖ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ទាំង៧ បានចុះផ្សព្វផ្សាយ និងអប់រំពីសេចក្តីណែនាំលេខ០០៩ របស់សាលារាជធានីភ្នំពេញ ដល់ប្រជាពលរដ្ឋ និងអាជីវករក្នុងមូលដ្ឋានបានចំនួន ៤៦ទីតាំង
*ទី៤៖ ចុះពិនិត្យភោជនីយដ្ឋាន,អាហារដ្ឋាន និងកន្លែងលក់ដូរផ្សេងៗ ឲ្យរៀបចំអាល់កុលលាងដៃ វាស់កំដៅ និងរក្សាគម្លាត បាន៣១ទីតាំង
*ទី៥៖ បានចុះពិនិត្យទីតាំង KTV, ក្លឹបកំសាន្ត, បៀហ្គាឌិននិងកន្លែងម៉ាស្សា ចំនួន ១៩ទីតាំង មិនឲ្យបើកដំណើរការ
*ទី៦៖ ក្នុងមូលដ្ឋានខណ្ឌ គឺពុំមានអ្នកដែលត្រូវធ្វើ ចត្តាឡីស័កទេ។ ដោយឡែក ប្រជាពលរដ្ឋ និងជនបរទេសដែលចូលស្នាក់នៅកន្លងមក គឺផុតរយៈពេល ១៤ថ្ងៃហើយ និងសុខភាពល្អធម្មតា។
*ទី៧៖ បានផ្សព្វផ្សាយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មួយចំនួន បើមិនមានការចាំបាច់ គួរកុំចេញក្រៅផ្ទះ
*ទី៨៖ ការប្រជុំនានារបស់រដ្ឋបាលខណ្ឌ និងសង្កាត់ត្រូវបានផ្អាក ដោយទទួលបានការដឹកនាំតាមរយៈប្រព័ន្ធអេឡិចត្រូនិក
*ទី៩៖ អនុវត្តន៍តាមសេចក្តីជូនដំណឹងលេខ០០៩ របស់រដ្ឋបាលរាជធានីភ្នំពេញ,រដ្ឋបាលខណ្ឌ, សង្កាត់, ផ្សារ និងវិស័យឯកជន ទាំងអស់ត្រូវអនុវត្តន៍ នូវវិធានការ វាស់កម្តៅ, ពាក់ម៉ាស់, លាងដៃនិង
អាល់កុល ជែល និងរក្សាគម្លាត ជាដើម។ ជាក់ស្តែង រដ្ឋបាលខណ្ឌ និងសង្កាត់ បានផ្សព្វផ្សាយជូនប្រជាពលរដ្ឋ និងវិស័យឯកជនបានមួយចំនួន។
*ទី១០៖ រដ្ឋបាលខណ្ឌ-សង្កាត់ និងអនុវត្តតាមវិធានការទប់ស្កាត់ផ្សេងៗ របស់ក្រសួងសុខាភិបាល ជាពិសេសធ្វើការណែនាំ និងចាត់វិធានការតាមផ្លូវច្បាប់ចំពរស្ថាប័ននានាដែលមិនបាន
អនុវត្តន៏តាមគោលការណ៍ដឹកនាំទាំង១០ចំណុច ខាងលើ៕