(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងភរិយា ព្រមទាំងសហការី នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បានអវិជ្ជមានជំងឺកូវីដ-១៩ ក្នុងការធ្វេីតេស្តលេីកទី១ ក្រោយពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។

ជាមួយគ្នានេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានប្រកាសបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងអំពាវនាវដល់អ្នកដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាទាំងអស់ បន្តចូលរួមធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់។

ការធ្វើចត្តាឡីស័ក និងធ្វើតេស្តរកជំងឺកូវីដ-១៩ របស់សម្តេចពិជ័យសេនា និងឥស្សរជន ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការមួយចំនួន បានជាប់ទាក់ទងដោយប្រយោល ក្រោយពេលសម្រាកសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកាថ្មីៗនេះ ជាមួយលោក ឡូយ សុផាត តំណាងរាស្ត្រ ដែលបានពាក់ព័ន្ធជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។

តាមរយៈទំព័រ Facebook ផ្លូវការសម្តេចពិជ័យសេនា រដ្ឋមន្ត្រីការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ខ្ញុំ និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានទទួលលទ្ធផលតេស្តរកមេរោគកូវីដ-១៩ គឺអវិជ្ជមានទាំងអស់។ ខ្ញុំ ក៏ដូចជាសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួនទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមបងប្អូនដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ទាំងអស់ បន្តចូលរួមធ្វើតេស្តរកមេរោគកូវីដ-១៩ និងធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់» ។

ទន្ទឹមនឹងនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏សូមប្រជាពលរដ្ឋទាំងអស់ ចូលរួម ទប់ស្កាត់ និងការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ តាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។ និងសូម ថ្លែង អំណរគុណ និងជូនពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្ញេីសារជូនពរសម្តេច និងភរិយា ព្រមទាំងសហការី ឱ្យទទួល បាន សុខ ភាព ល្អ បរិបូរណ៍ សិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន០២នាក់ថែមទៀត ដែលជាអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។

គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជា អ្នកមានអ្នកឆ្លងវីរុសកូវីដ-១៩ មានចំនួនសរុប ៣៣១នាក់ (ស្រី៧៦នាក់ និងបុរស ២៥៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យចំនួន ២៧នាក់៕