(ភ្នំពេញ)៖ ម៉ាសដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១ ខែធ្នូ បាននិងកំពុងត្រូវចែកចាយបន្តទៅ ដល់ប្រជាពលរដ្ឋនៅតាមទីសាធារណៈ និងទីប្រជុំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ខណៈជំងឺនេះបានរាលដាលដល់សហគមន៍ហើយនោះ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះថា សម្រាប់ម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញ នឹងយកទៅចែកជូនប្រជាពលរដ្ឋនៅសហគមន៍ក្រីក្រ ដែលពួកគាត់មិនមានលទ្ធភាពក្នុងការទិញម៉ាស និងចែកជូនប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈ ខណៈពួកគាត់ធ្វើចរាចរណ៍មិនមានពាក់ម៉ាស។

រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងប្រគល់ម៉ាសនេះទៅឲ្យកងកម្លាំងទាំង២ប្រភេទ មានដូចជា បញ្ជាការដ្ឋានកងរាជអាវុធហត្ថ, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឲ្យកងកម្លាំងបន្តការ ចែកជូនប្រជាពលរដ្ឋ ដែលជាអ្នកដំណើរនៅតាមដងផ្លូវ ជាមួយនឹងការណែនាំពួកគាត់ឲ្យពួកគាត់ មានការប្រុងប្រយ័ត្ន ក្នុងការទប់ស្កាត់នូវការរីករាលដាលនូវជំងឺកូវីដ១៩ទាំងអស់គ្នា។

លោកបញ្ជាក់ទៀតថា «ម៉ាសទាំងនេះយើងបន្តចែកទៅដល់សហគមន៍ ប្រជាពលរដ្ឋក្រីក្រ ចែកតាមដងផ្លូវសាធារណៈ តាមទីប្រជុំជន និងតាមផ្សារមួយចំនួននៅក្នុងរាជធានីភ្នំពេញ»

គួរបញ្ជាក់ថា ម៉ាសចំនួន២លានដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ជាលើកទី១ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ហើយដល់ពេលនេះសម្ដេចតេជោ នៅបានបន្តផ្តល់ជូនចំនួន១លានម៉ាសទៀត មករដ្ឋបាលរាជធានី ដើម្បីឲ្យរដ្ឋបាលរាជធានី បន្តយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមិនមានលទ្ធភាព ក្នុងការទិញម៉ាក់មកប្រើប្រាស់ ក្នុងការរួមគ្នាកាត់បន្ថយឲ្យបាននូវការរីករាលដាលនូវជម្ងឺកូវីដ១៩ក្នុងដំណាក់កាល នៃការរីករាលដាលចូលដល់សហគមន៍នាពេលនេះ៕