(បាត់ដំបង)៖ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ឆ្នាំ២០២០ ដែលបានរៀបចំឡើងដោយអង្កការមូលនិធិថែទាំសុខភាពអេដស៍ (AHF) នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ដែលបានធ្វើឡើងនៅខេត្តបាត់ដំបង បានបង្ហាញនូវប្រធានបទថ្មីមួយគឺ «សាមគ្គីភាពជាសាកល និងការទទួលខុសត្រូវរួមគ្នា» ដើម្បីជាការក្រើនរំលឹកដល់ពិភពលោកថា សូម្បីតែនៅក្នុងអំឡុងពេលនៃការាតត្បាត ដោយមេរោគកូវីដ១៩ ការប្រយុទ្ធនឹងមេរោគអេដស៍ គឺនៅតែជាប្រធានបទដែលត្រូវតែយកចិត្តទុកដាក់ខ្ពស់ នៃសុខភាពសាធារណៈសកល ពីព្រោះវានៅតែធ្វើឲ្យបាត់បង់ ជីវិតមនុស្សរាប់រយពាន់នាក់ជារៀងរាល់ឆ្នាំ ។

អង្គការ AHF រួមជាមួយរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលមកពីជុំវិញពិភពលោក នឹងរៀបចំកម្មវិធីរំលឹកជាច្រើន រួមទាំងព្រឹត្តិការណ៍ផ្សាយផ្ទាល់ និងព្រឹត្តការសង្គម ដោយរក្សាគម្លាតសុវត្តិភាព ដើម្បីរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ និងជាការលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីសារៈសំខាន់នៃការធ្វើតេស្តឈាម ការបង្ការ និងការព្យាបាលជំងឺអេដស៍ និងដើម្បីស្វែងរកការគាំទ្រ ក្នុងបន្តការប្រយុទ្ធដ៏សំខាន់នេះ។

លោកស្រី Terri Ford ប្រធានផ្នែកតស៊ូមតិ និងគោលនយោបាយពិភពលោករបស់អង្គការ AHF បានឱ្យដឹងថា មេរោគកូវីដ១៩ ជាប្រធានបទក្តៅគគុក ប៉ុន្តែយើងក៏មិនត្រូវ ភ្លេចការរាតត្បាតជាសកលនៃមេរោគអេដស៍ ដែលបានរីករាលដាលអស់រយៈពេលជាង ៣ទសវត្សមកហើយ ដែលនៅតែមានផលប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ នៅទូទាំងពិភពលោក។ វាពិតជាសំខាន់ណាស់ដែលមេដឹកនាំពិភពលោក ក៏ត្រូវយកចិត្តទុកដាក់លើជំងឺអេដស៍ ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ និងបន្តទៀតយុទ្ធនាការ «ជំងឺអេដស៍៖ ជំងឺរាតត្បាតជាសកលផ្សេងទៀត» គឺគ្រាន់តែដើម្បីជម្រុញឱ្យពួកគេរក្សាការសន្យាប្រយុទ្ធនឹងជំងឺអេដស៍។

កិច្ចខិតខំប្រឹងប្រែងរកមូលនិធិ ឲ្យបានគ្រប់គ្រាន់នៅជុំវិញពិភពលោក ក្នុងការឆ្លើយតបជាសកលទៅនឹងជំងឺអេដស៍ នៅតែមានការខ្វះខាតរហូតដល់ទៅ ៦ពាន់លានដុល្លារ នៃតម្រូវការរៀងរាល់ឆ្នាំ កង្វះខាតនេះកាន់តែកើនឡើង ជាមួយនឹងការរាតត្បាតនៃជំងឺកូវីដទី១៩។ រដ្ឋាភិបាលម្ចាស់ជំនួយ ត្រូវចូលរួមឲ្យបានសមស្រប ដើម្បីពង្រឹង កិច្ចប្រឹងប្រែង បង្ការការចម្លងមេរោគអេដស៍ និងធានាថាមនុស្សគ្រប់រូប ត្រូវបានសង្រ្គោះជីវិតដោយមានលទ្ធភាព ទទួលបានការថែទាំ និងការព្យាបាលតាមតម្រូវការ។

យោងតាមស្ថិតិរបស់ UNAIDS ថ្មីៗនេះ មនុស្ស ៣៨លាននាក់ កំពុងរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍នៅទូទាំងពិភពលោក ហើយក្នុងឆ្នាំ២០១៩ ប្រជាជន ១.៧ លាននាក់បានឆ្លងមេរោគអេដស៍ថ្មី ហើយ ៦៩០,០០០នាក់បានស្លាប់ដោយសារជំងឺអេដស៍។ ខណៈពេលដែលមនុស្សរាប់លាននាក់ បានទទួលការព្យាបាលដោយឱសថ ប្រឆាំងមេរោគអេដស៍ ដែលសង្គ្រោះអាយុជីវិតរបស់ពួកគេ នឹងនៅមានមនុស្សរាប់លាននាក់ទៀត ដែលត្រូវការការព្យាបាលសង្គ្រោះជីវិតនេះ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់អង្គការ AHF បានឱ្យដឹងដែរថា ករណីជំងឺកូវីដ១៩ បានធ្លាក់ចុះនៅទូទាំងទ្វីបអាស៊ី ហើយប្រទេសមួយចំនួន បានជៀសផុតពីការផ្ទុះឡើងដ៏អាក្រក់នៃជំងឺរាតត្បាតមួយនេះ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា ការរាតត្បាតជាសកលនៃជំងឺកូវីដ១៩នេះ បានបង្ករជាបញ្ហាធ្ងន់ធ្ងរដល់កម្មវិធី អេដស៍ ដោយសារការរឹតត្បិតការចល័ត ផលប៉ះពាល់សេដ្ឋកិច្ច ឬការបង្វែរបុគ្គលិកសុខាភិបាល និងធនធាននេះ គឺជាការក្រើនរំលឹកឱ្យយើងត្រូវត្រៀមខ្លួនដើម្បីដោះ ស្រាយការរំខានបែបនេះនាពេលអនាគត។

លោកបានបន្ថែមថា ជំងឺអេដស៍ គឺជាជំងឺរាតត្បាតសកល ដែលយើងបានប្រយុទ្ធវាអស់រយៈពេល ៣០ឆ្នាំមកហើយ។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ ចង់រំលឹក ដល់អ្នករាល់គ្នាថា ជំងឺអេដស៍នៅតែជាវិបត្តិមួយនៅទូទាំងតំបន់ ហើយយើងទាំងអស់គ្នាត្រូវតែរួមគ្នាប្រយុទ្ធប្រឆាំងវា ដោយវិនិយោគកិច្ចខិតខំប្រឹងប្រែង និងធនធាន ផ្តោតទៅលើការធ្វើតេស្តរកមេរោគអេដស៍ ការបង្ការ និងការព្យាបាល។

សូមបញ្ជាក់ថា AHF ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេបំផុត នៅលើពិភពលោក ដោយបច្ចុប្បន្ន អង្គការកំពុងផ្តល់ការព្យាបាល ថែទាំ និងសេវាកម្មដល់មនុស្សជាង ១.៤៧លាននាក់ នៅក្នុង ៤៥ប្រទេសទូទាំងពិភពលោក ដូចជានៅសហរដ្ឋអាមេរិក អាហ្រ្វិក អាមេរិកឡាទីន/ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុបខាងកើត៕