(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស អាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ តាមរយៈប្រព័ន្ធវីដេអូ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឲ្យដឹងថា លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំ មានដូចខាងក្រោម៖

កិច្ចប្រជុំបានកត់សម្គាល់អំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអឺរ៉ុប (ឆ្នាំ២០១៨-២០២២)។

កិច្ចប្រជុំក៏បានធ្វើការផ្លាស់ប្តូរ ទស្សនៈគ្នាផងដែរលើមធ្យោបាយ និងវិធីសាស្រ្ត ដើម្បីធ្វើយ៉ាងណាឱ្យតំបន់ទាំងពីរអាចមានលទ្ឋភាពបង្កើនកិច្ចសហការ ក្នុងការដោះស្រាយបញ្ហាប្រឈមបន្ទាន់រួម ដូចជាការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះអាសន្នសុខភាពសាធារណៈនានា ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយជំងឺរាតត្បាតសកល ព្រមទាំងពង្រឹងថែមទៀត នូវភាពជាដៃគូដែលមានស្រាប់។

បណ្តាប្រទេសសមាជិកអាស៊ាន បានស្វាគមន៍ការបន្តគាំទ្ររបស់សហភាពអឺរ៉ុបចំពោះមជ្ឈភាពអាស៊ាន និងការកសាងសហគមន៍អាស៊ាន និងសេចក្តីប្រកាសរបស់សហភាពផ្តល់ថវិកាចំនួន ២០លានអឺរ៉ូ ដើម្បីគាំទ្រ «កម្មវិធីសុខាភិបាលឆ្លើយតប និងការត្រៀមលក្ខណៈចំពោះជំងឺរាតត្បាតនៅអាស៉ីអាគ្នេយ៍» ដើម្បីជួយតំបន់នេះត្រៀមខ្លួនឱ្យបានកាន់តែប្រសើរថែមទៀត សម្រាប់គ្រោះអាសន្នសុខភាពសាធារណៈ នាពេលអនាគត។

បណ្តាប្រទេសសមាជិកអាស៊ានក៏បានទទួលស្គាល់ផងដែរ អំពីសារៈសំខាន់នៃវិភាគទានរបស់សហភាពអឺរ៉ុប ដែលមានទឹកប្រាក់រហូតដល់ ៥០០លានអឺរ៉ូ គាំទ្រដល់យន្តការផ្គត់ផ្គង់វ៉ាក់សាំង បង្ការជំងឺកូវីដសាកល (COVAX) ដើម្បីពន្លឿន និងពង្រីកការអភិវឌ្ឍ និងការផលិតវ៉ាក់សាំងសាកល សម្រាប់ផ្គត់ផ្គង់ដល់មនុស្សជាតិគ្រប់ៗគ្នា។

កិច្ចប្រជុំបានប្តេជ្ញាបង្កើតក្របខណ្ឌជាក់ស្តែងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- សហភាពអឺរ៉ុប និងទន្ទឹងរង់ចាំការសម្រេចបានដ៏ឆាប់នូវកិច្ចព្រមព្រៀងនេះ។

កិច្ចប្រជុំបានអនុម័ត សេចក្តីប្រកាសរួមរដ្ឋមន្រ្តីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ស្តីពីការតភ្ជាប់ ហើយបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកលទ្ឋភាពធ្វើសំយោគរវាង «ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥» និងយុទ្ធសាស្ត្រអឺរ៉ុបស្តីពី «ការតភ្ជាប់អឺរ៉ុបនិងអាស៉ី»។ កិច្ចប្រជុំ ក៏បានឯកភាពគ្នា ធ្វើការឆ្ពោះទៅសម្រេចឱ្យបានឆាប់នូវកិច្ចព្រមព្រៀង ដឹកជញ្ជូនតាមផ្លូវអាកាសគ្រប់ជ្រុងជ្រោយអាស៊ាន-សហភាពអឺរ៉ុប (CATA) ផងដែរ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានកោតសរសើរតួនាទីយ៉ាងសកម្មរបស់សហភាពអឺរ៉ុប ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងកាត់បន្ថយផលវិបាកសេដ្ឋកិច្ច-សង្គម ដែលបង្កឡើងដោយសារជំងឺនេះ។ លោកឧបនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការគាំទ្ររបស់សហភាពអឺរ៉ុបចំពោះគំនិតផ្តួចផ្តើមបច្ចុប្បន្នទាំងឡាយរបស់អាស៊ាន ដើម្បីពង្រឹងការត្រៀមលក្ខណៈសម្រាប់គ្រោះអាសន្នសុខភាពសាធារណៈនានា នៅក្នុងពេលអនាគត។

សម្រាប់វិស័យសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី បានសាទរចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប ដែលលោកជឿជាក់ថា ជាគន្លឹះ ដើម្បីសម្រេចបាននូវសក្តានុពលធុរកិច្ច និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ឱ្យកាន់តែរឹងមាំថែមទៀត។

លោកបានស្វាគមន៍ការលើកកម្រិតទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលត្រូវបានសម្រេចក្នុងកិច្ចប្រជុំនេះ ដោយជឿជាក់ថា សមិទ្ធផលថ្មីនេះនឹងជួយពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទៅវិញទៅមកនាពេលកន្លងមក៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖