(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ តាមវិធានសុខាភិបាល ក្រោយព្រឹត្តិការណ៍ ២៨ វិច្ឆិកា បន្ទាប់ទាក់ទងដោយប្រយោលជាមួយលោក ឡូយ សុផាត តំណាងរាស្ត្រ ដែលបានពាក់ព័ន្ធជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។

ទន្ទឹមនឹងការធ្វេីចត្តាឡីស័កនេះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិសូមកុំតក់ស្លូត និងបាត់បង់ភាពម្ចាស់ការដោយសារជំងឺកូវីដ-១៩ឱ្យសោះ។

សម្តេច ហេង សំរិន បានបញ្ជាក់តាមទំព័រ Facebook ផ្លូវការ យ៉ាងដូច្នេះថា៖ «ជំងឺកូវីដ-១៩ បានចូលដល់សហគមន៍ជាលើកដំបូងនៅក្នុងប្រទេសយើង តាមរយៈព្រឹត្តិការណ៍ ២៨ វិច្ឆិកា។ ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាមួយចំនួន បានជាប់ទាក់ទងដោយប្រយោលនឹងករណីនេះ នៅពេលហូបអាហារថ្ងៃត្រង់ជាមួយគ្នា ក្រោយពេលសម្រាកសម័យប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានការចូលរួមរបស់ឯកឧត្តម ឡូយ សុផាត តំណាងរាស្ត្រ ដែលបានពាក់ព័ន្ធជាមួយ ឯកឧត្តម ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ។

អាស្រ័យដូច្នេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ ខ្ញុំនិងភរិយា ព្រមទាំងអ្នកពាក់ព័ន្ធនៅក្នុងគ្រួសារខាងលើ បានអនុវត្តវិធានការចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ហើយខ្ញុំ និងភរិយាបានធ្វើចត្តាឡីស័ក្កនៅក្នុងគេហដ្ឋានរបស់ខ្ញុំផ្ទាល់ចាប់ពីថ្ងៃទី២៨ វិច្ឆិកាមក»

សម្តេច ហេង សំរិន សូមអំពាវនាវដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា ព្រមទាំងមន្រ្តីរាជការ ដែលពាក់ព័ន្ធទាំងអស់ ធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័កឱ្យបានម៉ត់ចត់ រយៈពេល១៤ថ្ងៃ គ្រប់ៗគ្នាក្នុងស្មារតីទទួលត្រូវខ្ពស់បំផុត។

ទន្ទឹមនឹងដែរ សម្តេចបានថ្លែងថា ការទប់ស្កាត់ និងការពារខ្លួនកុំឱ្យឆ្លងពីជំងឺនេះ ជាកក្តាសំខាន់បំផុតនៅក្នុងកាលៈទេសៈនេះ។ សូមជនរួមជាតិចូលរួមសហការ និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាស ឧស្សាហ៍លាងសម្អាតដៃ កាត់បន្ថយការជួបជុំនៅកន្លែងដែលមានមនុស្សច្រើន ពិសេសពុំគួរចេញក្រៅផ្ទះឡើយ បើមិនមានការចាំបាច់នោះ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា ក៏សូមជូនពរបងប្អូនជនរួមជាតិទាំងអស់មានសុខភាពល្អ ជួបតែសំណាងល្អ និងរួចផុតពីជំងឺដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»

គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕