(ភ្នំពេញ)៖ ក្រសួងការបរទេសជប៉ុន នឹងប្រគល់លិខិសសើរដល់ឥស្សរជនកម្ពុជាចំនួន ២រូប ដែលមានស្នាដៃស្នាមលើវិស័យអន្តរជាតិ ដែលបានជួយជំរុញចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា។

បើតាម Facebook ផ្លូវការរបស់ស្ថានទូតជប៉ុននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ បានឱ្យដឹងថា «ថ្ងៃទី០១ ខែធ្នូ ក្រសួងការបរទេសជប៉ុន បានចេញសេចក្តីប្រកាសព័ត៌មានស្តីអំពីលិខិតសរសើរ របស់រដ្ឋមន្រ្តីការបរទេសជប៉ុន សម្រាប់ឆ្នាំនេះ ជូនចំពោះបុគ្គល ឬក្រុម ដែលមានស្នាដៃឆ្នើមលើវិស័យអន្តរជាតិ ដើម្បីជាការទទួលស្គាល់នូវការរួមចំណែករបស់ពួកគាត់ លើការជំរុញចំណង មិត្តភាពរវាងប្រទេសជប៉ុន និងបណ្តាប្រទេសនានា»

បុគ្គលឆ្នើមកម្ពុជា ដែលបានទទួលលិខិតសរសើរសម្រាប់សកម្មភាពនានាទាក់ទងនឹងប្រទេសកម្ពុជា មានដូចខាងក្រោម៖

*ទី១៖ លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងជប៉ុន និងកម្ពុជា។
*ទី៖ លោក ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានចូលរួមចំណែកគាំទ្រជនជាតិជប៉ុន ដែលត្រូវការជំនួយនៅប្រទេសកម្ពុជា។

បើតាមស្ថានទូតជប៉ុន បានឱ្យដឹងថា ពិធីប្រគល់លិខិតសរសើរនឹងត្រូវរៀបចំក្នុងពេលឆាប់ៗខាងមុខនេះ៕