(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នឹងចាប់ផ្តើមធ្វើតេស្តរកមេរោគកូវីដ១៩ នៅវេលាម៉ោង៣៖០០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ ទៅលើឥស្សរជន និងមន្ត្រីរាជការរដ្ឋសភាមួយចំនួន ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ហើយដែលមានឈ្មោះនៅក្នុងបញ្ជីដែលទើបនឹងប្រកាសដោយរដ្ឋសភា។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

បើតាម លោកស្រី យក់ សម្បត្តិ, ឥស្សរជន និងមន្រ្តីរដ្ឋសភា ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ មានចំនួនទាំងអស់៣១នាក់។

សូមបញ្ជាក់ថា នៅថ្ងៃនេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបង្ហាញបញ្ជីឈ្មោះឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា។ បញ្ជីឈ្មោះដែលត្រូវបង្ហាញជូនក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ឥស្សរជន និងមន្ត្រីរាជការរដ្ឋសភា ដែលមានហានីភ័យមធ្យម ក្នុងការឆ្លងកូវីដ១៩ មានចំនួន ៣១រូប។ ចំណែកឯ មន្ត្រីដែលមានហានីភ័យទាប មានចំនួន ៣៥រូប។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងទៀតថា អ្នកដែលមានហានីភ័យមធ្យម មានតែចំនួន ៣១រូបទេ។ ដូច្នេះអ្នកដទៃដែលមានហានីភ័យទាប រដ្ឋសភាសុំការណែនាំ ពីក្រសួងសុខាភិបាល ថាគួរធ្វើយ៉ាងណា។ ជាការឆ្លើយតបលោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា អ្នកដែលមានហានីភ័យទាប សូមតម្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយមិនអនុញ្ញាតឲ្យមានការចល័តខ្លួនពីកន្លែងមួយទៅកន្លែង ដើម្បីជៀសវាងហានីភ័យ៕