(ភ្នំពេញ)៖ កូនកម្លោះឈ្មោះ អំ មុនីស៉ីផាន និងកូនក្រមុំឈ្មោះ ប៉ុក សុភី ដែលជាក្មួយរបស់លោកជំទាវ សុងឡេង បូរ៉ា នាយិកាពិធីការរបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសពន្យារពេលកម្មវិធីអាពាហ៍ពិពាហ៍ ដែលគ្រោងរៀបចំនៅថ្ងៃទី១៥ ខែធ្នូ ដើម្បីចូលរួមទប់ស្កាត់ ការរាលដាលជំងឺកូវីដ១៩។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

ការប្រកាសលើកពេលរៀបអាពាហ៍ពិពារហ៍នេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីនៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាបន្ទាន់មួយដោយប្រកាស មិនអនុញ្ញាតឲ្យមានការជួបជុំមនុស្សច្រើនមិនលើសពី២០នាក់ និងសូមឲ្យផ្អាកការរៀបចំពិធីអាពាហ៍ពិពាហ៍ រយៈពេល ១៥ថ្ងៃ។

ក្នុងសេចក្តីជូនដំណឹងនោះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារករណី ២៨វិច្ឆិកា ដើម្បីចូលរួមទប់ស្កាត់ ការចម្លងជំងឺកូវីដ ទៅកាន់សហគមន៍ សូមផ្អាក និងពន្យារពេល កម្មវិធីអាពាហ៍ពិពាហ៍ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ»