(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាថ្មីមួយឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ជាបណ្ដោះអាសន្ន រហូតរង់ចាំព្រឹត្ដិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ត្រូវបានបិទបញ្ចប់ និងមានការណែនាំថ្មី។

នេះបើតាមសារសំឡេងរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដែលបានផ្ញើជូនថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងយ៉ាងដូច្នេះថា «ដោយមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកបានណែនាំថា ក្នុងរយៈពេល១៥ថ្ងៃនេះ ស្នើឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលយើងអនុវត្តទៅលើអនុក្រឹត្យលេខ៣៩នេះ សូមធ្វើការផ្អាកការផាកពិន័យបណ្ដោះអាសន្នសិន»

លោកឧត្តមសេនីយ៍ឯក ស ថេត បានសង្កត់ធ្ងន់ថា បើទោះបីត្រូវផ្អាកការផាកពិន័យបណ្ដោះអាសន្នមែន ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវប្រចាំការនៅគោលដៅដដែល ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានឲ្យផ្អាកការពិនិត្យជាតិអាល់កុលនៅពេលយប់ដូចគ្នាផងដែរ៕