(ភ្នំពេញ)៖ រដ្ឋបាលស្រុកកៀនស្វាយ នៅថ្ងៃទី០១ ខែធ្នូនេះ បានចេញសេចក្ដីប្រកាសច្រានចោលព័ត៌មានមិនពិតមួយតាមរយៈសារសំឡេងចែកចាយតគ្នា ដោយលើកឡើងថា «ព្រះសង្ឃគង់នៅវត្តកោះប្រាក់ចំនួន៣អង្គ មានផ្ទុកវិជ្ជមានកូវីដ១៩»

ក្រោយពីទទួលបានព័ត៌មានមិនពិតនេះ លោក ពៅ គីមលី អភិបាលរងស្រុកកៀនស្វាយ តំណាងឱ្យតំណាង លោក អ៊ូ ឈាង អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានបើកកិច្ចប្រជុំជាបន្ទាន់មួយជាមួយអាជ្ញាធព័ត៌មាន ដើម្បីឆ្លើយតបនឹងការចុះផ្សាយបំផ្លើសនេះ។

លោក ពៅ គីមលី បានបដិសេធទាំងស្រុងចំពោះការលើកឡើងនេះ ដែលនេះជាព័ត៌មានមិនពិតទាំងស្រុង។លោកថា បច្ចុប្បន្នសុខភាពរបស់ព្រះសង្ឃដែលគង់នៅវត្តកោះប្រាក់ គឺមានសុខភាពល្អប្រសើរ ហើយព្រះសង្ឃក៏មិនបាននិមន្តទៅណាឆ្ងាយនោះទេ។លោកសូមអំពាវនាវដល់ព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និងប្រជាពលរដ្នបងប្អូនទាំងឡាយ កុំអោយមានការយល់ច្រឡំជា ពិសេសប្រជាជននៅភូមិកោះប្រាក់ចំពោះព័ត៌មានមិនពិតនេះ។

រដ្ឋបាលស្រុកកៀនស្វាយ សូមសំណូមពរឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ ពិសេសត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរថាបើសិនជាមានបងប្អូនណាមានអាការៈផ្សេងៗទាក់ទងនិងជំងឺកូវីដ១៩ ដើម្បីឱ្យគ្រូពេទ្យតាមដានសុខភាព។

សូមជម្រាបជូនថា កូវីដ-១៩ បានវិលមកកម្ពុជាសាជាថ្មី ហើយគិតត្រឹមព្រឹកថ្ងៃទី០១ ខែធ្នូនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ថែមទៀត ដែលប៉ះពាល់នឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» ធ្វើឱ្យអ្នកមានវីរុសកូវីដ-១៩នៅកម្ពុជា មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕