(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកានេះ បានបង្ហាញលទ្ធផលនៃការនាំចេញអង្កររបស់កម្ពុជាក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០ថា សម្រេចបាន ៦០១ ០៤៥តោន កើនឡើងប្រមាណ ៨៦ ៨៩៦ តោន ស្មើនឹង១៦.៩០% បើធៀបទៅនឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤ ១៤៩ តោនប៉ុណ្ណោះ ។

ចំពោះប្រភេទអង្ករដែលនាំចេញក្នុងរយ:ពេល១១ខែនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៨១ ១២៣ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១១៣ ៧០៣ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៥១ តោន។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន៦០ ប្រទេស៖ នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។

សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយឡែកប្រទេសចិនឈរនៅលំដាប់ទី១៖ ១-ប្រទេសចិនមានបរិមាណសរុបចំនួន ២៣៤ ៩៤០ តោន ស្មើនឹង៣៩.០៩%, ២-ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៨៨ ៤៣៦ ស្មើនឹង ៣១.៣៥%, ៣-បណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧៨ ២០៨ តោន ស្មើនឹង ១៣.០១%, និង ៤- គោលដៅដ៏ទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៩ ៤៦១ តោន ស្មើនឹង ១៦.៥៥% ។

ដោយឡែកសម្រាប់ការនាំចេញស្រូវ ទៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែនប្រទេសវៀតណាម មកទល់ថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ មានបរិមាណសរុបចំនួន ១ ៧៧៧ ១០៧តោន ។ បរិមាណនាំចេញសម្រាប់មួយថ្ងៃ នៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០នេះ មានចំនួន ២៦ ៦១៩ តោន៕