(ភ្នំពេញ)៖ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដ ដែលរួមមានម៉ាសចំនួនជាង១លាន និងបរិក្ខារពេទ្យចំនួន១២មុខ បានរៀបចំដាក់លើយន្តហោះរួចរាល់ហើយ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីត្រៀមចេញដំណើរនៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនទីម័រឡេស្ដ រួមមាន៖ ម៉ាសចំនួន១លាន, ម៉ាសក្រណាត់៥ពាន់, ម៉ាស N95 ចំនួន១ម៉ឺន, វែនតាសុវត្ថិភាព ចំនួន១ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន១ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន២៥០, របាំងមុខចំនួន១ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន១០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស, ស្បែកជើងក៏វែងសុវត្ថិភាព៥០០គូ និងសាប៊ូលាងដៃ១ពាន់គូ។

លោកស្រី យក់ សម្បត្ដិ បញ្ជាក់ទៀតថា «ថ្ងៃនេះក្រុមការងារយើង បានរៀបចំសម្ភារបរិក្ខារពេទ្យទាំងអស់នេះ បានដាក់លើយន្ដហោះរួចរាល់ហើយនៅម៉ោងជិត៧យប់នេះ ដើម្បីត្រៀមដឹកបញ្ជូនសម្ភារបរិក្ខារពេទ្យទាំងនេះ ទៅជូនប្រទេសទីម័រលេស្ដ ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ ដែលដឹកនាំដោយ លោក អ៊ូច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស»

គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានសម្រេចផ្តល់ម៉ាសចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យមួយចំនួនទៀត ជូនដល់ប្រទេសទីម័រលេស្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងចំណោមម៉ាស១លាន៥ម៉ឺននោះ មានមាស់ធម្មតាចំនួន១លាន និងម៉ាសក្រណាត់ចំនួន៥ម៉ឺន រួមទាំងសម្ភារបរិក្ខាមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ទើបនឹងបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងនោះ។

អំណោយម៉ាស និងសម្ភារបរិក្ខារបស់កម្ពុជា ប្រគល់ដល់ប្រទេសឡាវ ត្រូវបានដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។ ចំណែកឯអំណោយម៉ាស និងសម្ភារបរិក្ខាកម្ពុជាប្រគល់ជូនប្រទេសមីយ៉ាន់ម៉ា ត្រូវបានដឹកនាំដោយ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលឥស្សរជនទាំងពីរសុទ្ធសឹងតែដឹកនាំ តំណាងឱ្យសម្តេចតេជោ ហ៊ុន សែន៕