(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យនៅតំបន់ព្រំដែន ពិសេសការកកស្ទះនាំស្រូវចេញ ទៅប្រទេសវៀតណាម តាមច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ថ្មីៗកន្លងមក ដោយដោះស្រាយជូនឈ្មួញដោយភាពជឿជាក់ និងរលូន។

សកម្មភាពនេះបានធ្វើឡើង ដោយសាររយៈពេលជាងពីរសប្តាហ៍កន្លងមកនេះ ការនាំស្រូវទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារព្រំដែនខាងលើ មានភាពយឺតយ៉ាវ ហើយឈ្មួញ មកពីខេត្តឆ្ងាយត្រូវរង់ចាំជាច្រើនថ្ងៃ បណ្តាលឲ្យប៉ះពាល់ដល់ការងាររកស៉ីពួកគាត់។

ក្រោយពីបានពិនិត្យ និងជួបប្រជុំជាមួយអាជ្ញាធរ មន្ត្រីជំនាញ និងពាក់ព័ន្ធ នៅច្រកទ្វារធ្វេរភាគីតន់ហន់ ឈ្មួញ និងប្រជាពលរដ្ឋ បានឲ្យដឹងថា មូលហេតុសំខាន់ដែលនាំឲ្យមានការកកស្ទះ និងយឺតយ៉ាវ ក្នុងការនាំស្រូវចេញមានពីរចំណុចសំខាន់ រួមមាន៖

*ទី១៖ ដោយសារជំងឺកូវីដ១៩ កំពុងឆ្លងរាលដាលនៅប្រទេសវៀតណាម ភាគីវៀតណាមរិតបណ្តឹងវិធានការការពារ
*និងទី២៖ ការឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវកោគ របស់វៀតណាម (ទាមទាតឲ្យមានឯកសារពាក់ព័ន្ធ និងការកំណត់ទម្ងន់រថយន្តដឹកទំនិញតាមច្បាប់)។

ក្នុងកិច្ចជំនួបរវាងឈ្មួញស្រូវ និងប្រជាពរដ្ឋ គឺលោកអភិបាលខេត្ត ជាវ តាយ បានបញ្ជាក់ថា ជាមោទនភាពសម្រាប់កម្ពុជាក៏ដូចជាខេត្តកំពតផងដែរ ដែលប្រជាពលរដ្ឋបានផលិតស្រូវ លើសពីតម្រូវការផ្គត់ផ្គង់ក្នុងគ្រួសារ និងសល់សម្រាប់នាំចេញក្រៅប្រទេស ដែលមានតម្លៃសមរម្យនាពេលបច្ចុប្បន្ននេះ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានដាក់ចេញនូវនយោបាយ ការនាំស្រូវអង្ករចេញលក់ទៅក្រៅប្រទេស ឲ្យបាន១លានតោនក្នុងមួយឆ្នាំ។ ហើយដើម្បីសម្រួលដល់ការនាំចេញ រដ្ឋបាលខេត្ត ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាល រួមនឹងសមត្ថកិច្ច អាជ្ញាធរ មន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណារួមសហការគ្នា រកវិធីដោះស្រាយ សម្របសម្រួល បង្កលក្ខណៈងាយស្រួលជូនដល់អាជីវករ ក៏ដូចប្រជាពលរដ្ឋ ដើម្បីជំរុញការនាំស្រូវចេញទៅលក់ក្រៅប្រទេស ក៏ដូចជាការលើកទឹកចិត្តដល់ប្រជាកសិករខ្មែរ។

លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវដំណោះស្រាយចំពោះមុខថា រដ្ឋបាលខេត្ត នឹងបង្កើតក្រុមការងារដោះស្រាយការនាំចេញស្រូវ និងរៀបចំកិច្ចប្រជុំជាមួយភាគីវៀតណាម តាមរយៈVideo Conference ដើម្បីពិភាក្សារកដំណោះស្រាយនូវបញ្ហារាំងស្ទះ និងយន្តការសម្របសម្រួល ការនាំចេញស្រូវដែលមិនទាន់មានភាពប្រទាក់ក្រឡាគ្នា សំដៅដល់ការនាំស្រូវចេញឲ្យមានភាពរលូន៕