(ឧត្តរមានជ័យ)៖ ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងប្រាប់អ្នកយកព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីតាំងសំខាន់ៗ ក្រោយមន្ត្រីអាវុធហត្ថ ពន្ធនាគារ និងនគរបាល ក្នុងខេត្ត៣៨នាក់ កំពុងធ្វើចត្តាឡីសក័។

មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគកូវីដ១៩ នៅក្នុងមន្ទីរពេទ្យខេត្ត ក្នុងមណ្ឌលចត្តាឡីស័កកម្រិត២ ផ្ទះសំណាក់ឧត្តមរដ្ឋា និងនៅក្នុងពន្ធនាគារខេត្តឧត្តរមានជ័យ។

លោក ឃ្លោក ហួត បានថ្លែងបញ្ជាក់ឲ្យដឹងទៀតថា ការចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមទីតាំងខាងលើនេះ គឺក្រោយមន្ត្រី៣៨នាក់ រួមមាន៖ មន្ត្រីពន្ធនាគារខេត្ត៣២នាក់ មន្ត្រីកងរាជអាវុធហត្ថខេត្ត៥នាក់ និងមន្ត្រីនគរបាល១នាក់ កំពុងធ្វើចត្តាឡីសក័នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បន្តថា «ថ្ងៃម្សិលមិញនេះ មន្ត្រី១២នាក់បានធ្វើចត្តាឡីសក័ ហើយនៅថ្ងៃនេះមន្ត្រីពន្ធនាគារខេត្តចំនួន២៦នាក់ទៀត ក្នុងនោះមានស្រីចំនួន០៦នាក់ ក៏បានធ្វើចត្តាឡីសក័ដែរ គឺក្រោយពួកគាត់មានការពាក់ព័ន្ធ ចូលរួមក្នុងកម្មវិធីប្រជុំកាលទី១២ ខែវិច្ឆិកាម្លេះ បើគិតមកដល់ថ្ងៃនេះ មានរយៈពេល១៨ថ្ងៃហើយ»

លោកប្រធានមន្ទីរសុខាភិបាលបានថ្លែងបន្តទៀតថា ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងលោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ តម្រូវឲ្យពួកគាត់ទាំង៣៨នាក់នេះ ធ្វើចត្តាឡីសក័នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បើទោះជារហូតមកដល់ថ្ងៃនេះពួកគាត់មានសុខភាពធម្មតាល្អក៏ដោយ។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងអំពាវនាវប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ កុំមានការព្រួយបារម្ភ។ លោកថារហូតមកដល់ម៉ោងនេះ គ្មាននរណាម្នាក់នៅក្នុងខេត្តឧត្តរមានជ័យផ្ទុកមេរោគកូវីដ១៩នោះទេ ប៉ុន្តែត្រូវបន្តប្រុងប្រយត្ន័ការពារខ្លួនជានិច្ច ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារកុំឲ្យឆ្លងជំងឺកូវីដ១៩។

គួរជម្រាបដែរថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយ។ ដោយសារតែករណីឆ្លងកូវីដថ្មីលើកនេះ មិនមានប្រភពច្បាស់លាស់ថាចេញមកពីណានោះ ទើបសម្តេចតេជោ ហ៊ុន សែន ហៅករណីនេះថាជាព្រឹត្តិការណ៍សហគមន៍ ៨វិច្ឆិកា។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីមួយចំនួនថែមទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍នេះកើនឡើនដល់ ១៤នាក់។ គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ ១៩នាក់ សរុបចំនួន ៣២៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២២នាក់៕