(ភ្នំពេញ)៖ ដោយយោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីណែនាំចំនួន១០ចំណុច ដើម្បីទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីណែនាំរបស់អភិបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

*ទី១៖ ត្រូវធ្វើការផ្អាករាល់ការជួបជុំ ឬការប្រមូលផ្ដុំ ដូចជា កម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ឬការជួបជុំបែបសាសនាទាំងអស់។ល។ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។

*ទី២៖ អនុញ្ញាតឱ្យមានការជួបជុំមិនឱ្យលើសពី ២០នាក់ ក្នុងករណីចាំបាច់ ប៉ុន្តែការជួបជុំនេះត្រូវរក្សាគម្លាតសុវត្ថិភាពសង្គមយ៉ាងតិចចម្ងាយ ១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់។

*ទី៣៖ ត្រូវចាត់តាំងកម្លាំង ដើម្បីផ្សព្វផ្សាយ អប់រំ និងណែនាំប្រជាពលរដ្ឋ ដែលប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលៗ «ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា» ឱ្យទៅធ្វើតេស្តរកមេរោគកូវីដ១៩។ ក្នុងករណីលទ្ធផលតេស្តអវិជ្ជមាន ត្រូវធ្វើចត្តាឡីស័ក្តតាមការណែនាំរបស់ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាល។

*ទី៤៖ ត្រូវចុះត្រួតពិនិត្យ និងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានា ឱ្យអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ក្នុងនោះម្ចាស់អាជីវកម្ម ទាំងអស់ខាងលើត្រូវរៀបចំជែល ឬអាល់កុលលាងដៃ នៅមុខច្រកទ្វារចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិកឱ្យធ្វើការវាស់កម្ដៅភ្ញៀវទាំង ដោយឈរតម្រង់ជួររក្សាគម្លាតសុវត្ថិភាពសង្គម មុននឹងអនុញ្ញាតឱ្យចូលក្នុងទីតាំងអាជីវកម្មទាំងនោះ ព្រមទាំងត្រូវរៀបចំរក្សាគម្លាតសុវត្ថិភាពសង្គមយ៉ាងតិច១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់ក្នុងពេលអង្គុយ។ ក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្មខាងលើ មិនអនុវត្តតាមការណែនាំទេនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មជាបណ្តោះអាសន្ន។

*ទី៥៖ ត្រូវចុះត្រួតពិនិត្យ និងតាមដានការអនុវត្តនូវវិធានការផ្អាកជាបណ្តោះអាសន្ននូវទីតាំងអាជីវកម្មមួយ ចំនួនដូចជា ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត (រង្គសាល ខារ៉ាអូខេ ឌីស្តូតែក បៀរហ្គាឌិន) អាជីវកម្មម៉ាស្សាសុខភាព និងស្មៅ។

*ទី៦៖ ចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋធ្វើចត្តាឡីស័កតាមផ្ទះ ដែលបញ្ជូនមកពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កទាំងអស់ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងត្រូវរៀបចំចាត់ចែងការងារបន្ត ដោយផ្អែកលើលទ្ធផលនៃការតាមដានសុខភាព។

*ទី៧៖ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក្នុងករណីមិនចាំបាច់មិនត្រូវធ្វើដំណើរចេញក្រៅផ្ទះ។ ក្នុងករណីដែលមានតម្រូវការចាំប៉ាច់ជៀសមិនផុត មិនត្រូវឱ្យមានការកកកុញតាមភ្លើងចរាចរណ៍ (ភ្លើងស្តុប) នានា នៅក្នុងរាជធានីភ្នំពេញឡើយ។

*ទី៨៖ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ ត្រូវធ្វើការផ្អាករាល់ការប្រជុំចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ចំពោះទីតាំងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវរៀបចំចាំបាច់ឱ្យមានការវាស់កម្តៅ ការពាក់ម៉ាស់ ការលាងដៃសម្លាប់មេរោគ និងរៀបចំកន្លែងអង្គុយចម្ងាយ១,៥ម៉ែត្រ ពីម្នាក់ទៅម្នាក់ ដោយកំណត់ចំនួនប្រជាពលរដ្ឋដែលមកទទួលសេវាមិនឱ្យលើសពី២០នាក់ ក្នុងពេលម្តងៗ។

*ទី៩៖ ចំពោះផ្សាររដ្ឋ និងផ្សារឯកជន ត្រូវរៀបចំឱ្យមានការវាស់កម្ដៅ ការពាក់ម៉ាស់ និងការលាងដៃសម្លាប់មេរោគ ព្រមទាំងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគម្លាតសុវត្ថិភាពសង្គម។

*ទី១០៖ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ផ្សេងទៀតរបស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដែលកំពុងនៅជាធរមាន៕

រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរ-អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ ពាណិជ្ជករ អាជីវករ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដូចខាងក្រោម៖