(ស្វាយរៀង)៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង កំពុងតែនាំគ្នាសស្រាក់សស្រាំច្រូតកាត់ប្រមូលផលស្រូវវស្សា ហើយពលរដ្ឋភាគច្រើនបានត្អូញត្អែរ អំពីតម្លៃម៉ាស៊ីនច្រូតស្រូវនៅឆ្នាំនេះមានតម្លៃខ្ពស់ ហើយពិបាកក្នុងការហៅមកច្រូតទៀតផង។

បើតាមពលរដ្ឋនៅស្រុកកំពង់រោទិ៍បានឲ្យដឹងថា ការប្រមូលស្រូវវស្សារបស់ពួកគាត់នៅឆ្នាំនេះគឺបានផលល្អ ដែរប៉ុន្តែស្រូវស្រែមួយចំនួន បានរងគ្រោះដោយសារទឹកជំនន់ ទឹកភ្លៀងបង្កឲ្យស្រូវទុំដួលពាសពេញស្រែពិបាកក្នុងការប្រមូលផល ហើយពិបាករកម៉ាស៊ីនច្រូតណាស់ ព្រោះបច្ចុប្បន្នពុំសូវមានម៉ាស៊ីនច្រូតទេ ហើយម្ចាស់ម៉ាស៊ីន ច្រូតដំឡើងថ្លៃទៀតផង។

ពលរដ្ឋបញ្ជាក់ថា ដោយក្នុង ១ហិតតាម្ចាស់ម៉ាស៊ីនច្រូតយកដល់ជិត៤០ម៉ឺនរៀល ឬលើសពីនេះទៀតផង ខណៈឆ្នាំទៅក្នុងមួយហិចតាយកមិនដល់ ២៥ម៉ឺនទេ តែសម្រាប់ ឆ្នាំនេះឡើងថ្លៃ ហើយពុំមានម៉ាស៊ីនច្រូតទៀតធ្វើឱ្យស្រូវពួកគាត់ដេកដួលត្រាំទឹក អ្នកខ្លះបង្ខំចិត្តនាំគ្នានិងជួលគេឱ្យច្រូតដោយដៃតែម្ដងព្រោះខ្លាចប្រមូលផលមិនទាន់ពេល វេលា។

ពលរដ្ឋបានធ្វើការអំពាវនាវដល់អាជ្ញាធរដែនដី និងមន្ទីដែលពាក់ព័ន្ធមេត្តាជួយសម្រួលដល់ឈ្មួញដែលមានម៉ាស៊ីនច្រូតស្រូវ សូមជួយបញ្ចុះតម្លៃឲ្យបានសមរម្យផង ដើម្បីប្រជាពលរដ្ឋមានលទ្ធភាពក្នុងការច្រូតស្រូវរបស់គាត់។

ពាក់ព័ន្ធទៅនឹងការប្រមូលផលស្រូវរបស់ប្រជាពលរដ្ឋនេះផងដែរ បើតាមលោក អ៊ុន មុន្នីរ័ត្ន ប្រធានការិយាល័យកសិកម្មស្រុកកំពង់រោទិ៍ បានឱ្យដឹងថា ការច្រូតកាត់ ស្រូវស្រាល និងស្រូវកណ្ដាលរបស់ប្រជាពលរដ្ឋនៅក្នុងឆ្នាំនេះសរុបបានចំនួន ១៣,៦១០ហិកតា ហើយសម្រាប់ឆ្នាំនេះដែរស្រូវក្រអូប១គីឡូក្រាម លក់បានតំលៃ ១០០០រៀល ទៅ១០៥០រៀល និងស្រូវធម្មតាបានមួយគីឡូ ៩៥០រៀលផងដែរ។

លោកបានបញ្ជាក់ថា សម្រាប់ឆ្នាំនេះនៅស្រុកកំពង់រោទិ៍ ពិបាកក្នុងការច្រូតកាត់បន្តិច ព្រោះភាគច្រើននៅតាមស្រុក ពុំសូវមានម៉ាស៊ីនច្រូតទេ ដោយឆ្នាំមុនៗមានប្រជា ពលរដ្ឋ ទំនាក់ទំនងម៉ាស៊ីនច្រូតមកពីវៀតណាម តែដោយសារកូវី១៩ កំពុងតែរាលដាលទើបប្រជាពលរដ្ឋ មិនអាចទំនាក់ទំនងយកម៉ាស៊ីនច្រូតមកពីក្រៅប្រទេសបាន ធ្វើឲ្យការច្រូតកាត់របស់ពលរដ្ឋមានការយឺតយ៉ាវ និងតម្លៃម៉ាស៊ីនថ្លៃជាងឆ្នាំមុន៕