(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសផ្អាកសវនាការគ្រប់សំណុំរឿងទាំងអស់ ដែលមានអ្នកជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ (PJ), មណ្ឌលអប់រំកែប្រែទី១ (ម១) និងមណ្ឌលអប់រំកែប្រែទី២ (ម២) ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា មូលហេតុដែលខ្លួនសម្រេចលើកពេលសវនាការទាំងអស់នេះ ដោយសារមន្ដ្រីមួយចំនួនតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ក្រោយពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា»។

ដោយឡែក ចំពោះករណីចាំបាច់មួយចំនួន ដែលលោក លោកស្រី ចៅក្រមពិនិត្យតាមការជាក់ស្ដែង។ ខណៈការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ នៅដំណើរការធម្មតា ប៉ុន្ដែសូមថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ត្រូវបំពេញភារកិច្ចរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវវិធានការអនាម័យ៕