(ប៉ៃលិន)៖ ប្រជាពលរដ្ឋចំនួន ៧០០គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកសាលាក្រៅ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក បានទទួលអំណោយស្បៀង និងសំភារៈអនាម័យ ពីអង្គការ ការីតាសកម្ពុជា ដោយកម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាការ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរកាលពីចុងសប្តាហ៍កន្លងទៅ។

លោក ផាន់ ចាន់ធុល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានខិតខំអំពាវនាវស្វែងរកដៃគូសហការ និងសប្បុរសជននានា ក្នុងការជួយ ដោះស្រាយ និងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយជាក់ស្តែងក្នុងនោះក៍មានការគាំទ្រ និងសហការពីអង្គការការីតាសប្រចាំកម្ពុជាផងដែរ។

អភិបាលខេត្តប៉ៃលិន បានកោតសសើរ និងថ្លែងអំណរគុណចំពោះអង្គការីតាសកម្ពុជា ដែលជួយឧបត្ថម្ភ ដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះមហន្តរាយធម្មជាតិផ្សេងៗបានទាន់ពេលវេលា ជាពិសេសប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ហើយលោកសង្ឃឹមថា អង្គការ ការីតាសកម្ពុជា នឹងបន្តសហការជាមួយអាជ្ញាខេត្ត លើវិស័យមនុស្សធម៌នេះ ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជម្ងឺកូវីត-១៩ ដោយអនុវត្តន៍តាមការណែនាំ និងសារអប់រំសំខាន់ៗ របស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ហើយបើមានករណីសង្ស័យ ត្រូវប្រញ៉ាប់ប្រញ៉ាល់មកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញ ធ្វើការពិនិត្យ និងព្យាបាលបានទាន់ពេលវេលា។

បើតាមការបញ្ជាក់របស់លោក គឹម រតនា នាយកប្រតិបត្តិ នៃអង្គការការីតាសកម្ពុជា បានឲ្យដឹងថា ចំពោះអំណោយ ដែលផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន៧០០ គ្រួសារនៅក្នុងស្រុកសាលាក្រៅនាពេលនេះ គឺជាការចូលរួមចំនែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តការរវាងអង្គការ និងរាជរដ្ឋាភិបាល លើវិស័យមនុស្សធម៌ ដោយក្នុង១គ្រួសារៗ ទទួលបាន៖ អង្ករ ២០គីឡូក្រាម មី ១កេះ ត្រីខ ១យួរ និងឃីតអនាម័យ ១កញ្ចប់ (សាប៊ូ ០៤ដុំ, សាប៊ូបោកខោអាវ ១កញ្ចប់ សំឡីអនាម័យ ១ដុំ)ផងដែរ៕