(សៀមរាប)៖ ដែនដីអតីតរាជធានីដ៏ល្បាញល្បីនៃអាណាចក្រអង្គរ ទទួលបានសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រក្នុងយុគសម័យ នៃការដឹកនាំរបស់តេជោ សែន បន្ទាប់ពីដែនដីអតីតរាជធានី ល្បាញល្បីមួយនេះ ត្រូវបានចុះអន់ថយ និងដួលរលំទៅក្រោយព្រះបាទជ័យវរ្ម័នទី៧ យាងសោយទិវង្គត់ក្នុងឆ្នាំ១២១៩។

សមិទ្ធផលថ្មីនេះស្ថិតក្នុងយុគសម័យ នៃសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នេះគឺផ្លូវតូចធំរហូតដល់ទៅ៣៨ខ្សែ។ ពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែនេះ ធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្រុងសៀមរាប បានក្លាយជាទីក្រុងទាក់ទាញទេសចរណ៍វប្បធម៌ និងការទស្សនាសំណង់ប្រាសាទបុរាណយ៉ាងទាក់ទាញក្នុងរយៈពេលជាង ១ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីកម្ពុជាបានបិទបញ្ចប់ភ្លើង សង្គ្រាមទាំងស្រុងនៅចុងឆ្នាំ១៩៩៨។ បើទោះបីទីក្រុងនេះបានក្លាយជាតំបន់ទេសចរណ៍ទាក់ទាញយ៉ាងណាក្តី តែប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្នុងខេត្តនេះ ត្រូវបានគេមើលឃើញថា នៅតែជាចំណោទបញ្ហាសម្រាប់ការពង្រីកសក្តានុពលទេសចរណ៍នៅក្នុងខេត្ត ដែលមានសម្បត្តិមរតកវប្បធម៌ដ៏មហាសាលពីបុព្វបុរសខ្មែរមួយនេះ។

ដើម្បីធ្វើឱ្យក្រុងសៀមរាប ក្លាយជាទីក្រុងទេសចរណ៍ដែលសាកសមនឹងការប្រសិទ្ធនាមជាទីក្រុងទេសចរណ៍ដ៏អស្ចារ្យ និងលើកសម្រស់កាន់តែស្រស់បំព្រងថែមទៀតនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បានសម្រេចបញ្ចេញកញ្ចប់ ថវិកាសន្សំប្រមាណ ពី ១០០លានដុល្លារ អាមេរិកទៅ ១៥០លាន ដុល្លារអាមេរិក សម្រាប់គម្រោងសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួងសាងសង់ផ្លូវនេះ បានប្រាប់ Fresh News ឱ្យដឹងថា ផ្លូវទាំង ៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ និងថវិកាជាង ៩លានដុល្លារទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាអ្នកបានសិក្សា និងស្នើគម្រោងសាងសង់ផ្លូវទាំង ៣៨ខ្សែជូនសម្តេចតេជោ បានគូសរំលេចថា ទីក្រុងសៀមរាប បាននិងកំពុងប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍ដ៏មានសក្តានុពល ហើយត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល អភិវឌ្ឍជាតិជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ។

គម្រោងផ្លូវទាំង៣៨ខ្សែនេះ មានមេត្រីភាពជាមួយនឹងវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរដល់ការពារ និងកែលម្អបរិស្ថាន ផាសុកភាពរបស់ ប្រជាពលរដ្ឋ និងការរៀបចំអភិវឌ្ឍទីក្រុងឆ្លាតវៃ (Smart City) ផងដែរ។ លោកទេសរដ្ឋមន្ត្រី បានបង្ហាញក្តីរំពឹងថា ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួជាហេដ្ឋារចនាសម្ព័ន្ធ ប្រទាក់ ក្រឡាគ្នាតភ្ជាប់ទីប្រជុំជន ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និងបណ្តាញខ្សែផ្លូវជាតិនានា សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងទីក្រុង ជំរុញកំណើនដឹកជញ្ជូន ទាក់ទាញវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជាការរួមចំណែកក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើននៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ទាំងអស់នេះ គឺជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការលើកស្ទួយជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសអ្នកសៀមរាប ឱ្យកាន់តែល្អប្រសើរឡើងក៏ដូចជា លើកមុខមាត់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែល្បីល្បាញ លើឆាកអន្តរជាតិបន្ថែមទៀតផងដែរ។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាបនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្នុងខេត្តព្រះសីហនុ ដែលបាន និងកំពុងស្ថាបនាសាងសង់ឡើង ត្រៀមនឹងបញ្ចប់ការសាងសង់នាពេលដ៏ខ្លីខាងមុខ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្ថែមថា សមិទ្ធផលថ្មី លើទឹកដីសន្តិភាពដែលនឹងលេចចេញជារូបរាងឡើងនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត និងទស្សនទានវែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

លោក ស៊ុន ចាន់ថុល បានគូសរំលេចថា ភាពជោគជ័យ និងសមិទ្ធផលពាសពេញផ្ទៃប្រទេសទាំងអស់នេះ មិនមែនកើតឡើង ដោយចៃដន្យនោះទេ គឺសុទ្ធតែបានកើតឡើងពីការខិតខំ ប្រឹងប្រែងឥតឈប់ឈរការលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត និងប្រាជ្ញាស្មារតីរបស់ប្រមុខថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល និងកិច្ចសហការល្អពីគ្រប់ក្រសួង-ស្ថាប័ន និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ក្នុងខណៈ ដែល កម្ពុជាមានសុខសន្តិភាពពេញលេញ មានស្ថិរភាព នយោបាយ និងស្ថិរភាពសេដ្ឋកិច្ច អាស្រ័យដោយនយោបាយឈ្នះ-ឈ្នះ ដែលបានកសាង និងដឹកនាំអនុវត្តផ្ទាល់ ដោយស្ថាបនិក អគ្គមគ្គុទេសក៍ សម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីបង្រួបបង្រួមផ្សះផ្សារជាតិ ធ្វើឱ្យគ្រប់ភាគីនិងប្រជាពលរដ្ឋ កម្ពុជាអាចរួមរស់ជាមួយគ្នា ដោយភាពសុខសាន្តដូចសព្វថ្ងៃនេះ។

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងផងដែរថា គម្រោងនេះនឹង ប្រើប្រាស់រយៈពេល ១៣ខែ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ខាងមុខនេះ។ ផ្លូវទាំង៣៨ ខ្សែនេះ ត្រូវបានបែងចែកជា ៤ប្រភេទ រួមមាន៖

ប្រភេទទី១៖ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុល ដោយអ៊ុតក្រាលបេតុងកៅស៊ូ AC (Asphalt Concrete) កម្រាស់ ៥ ស.ម ឡើងវិញ (Overlay)។
ប្រភេទទី២៖ ជាផ្លូវដែលស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកម្រាស់២០ស.ម រួចក្រាលបេតុង កៅស៊ូAC កម្រាស់ ៧ស.ម ពីលើ។
ប្រភេទទី៣៖ ជាផ្លូវដែល មិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន នឹងត្រូវ សាង សង់ ថ្មី ដោយចាក់ក្រាលបេតុង សរសៃដែក កម្រាស់ ២០ស.ម។
ប្រភេទទី៤៖ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុល អ៊ុត ក្រាល បេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវ មិនល្អនឹងត្រូវសាងសង់ ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែក កម្រាស់២៥ស.ម។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ខ្សែផ្លូវទាំង ៣៨ខ្សែនេះ នឹងមានរៀបចំបណ្តាញលូទឹកភ្លៀង លូទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់បញ្ចៀស ការជន់លិចទីក្រុង រៀបខឿនចិញ្ចើមផ្លូវ និងបង្គោលភ្លើងបំភ្លឺផ្លូវ ហើយព្រមទាំងបាន គិតគូរពីទិដ្ឋភាពផ្សេងៗទៀតមានជាអាទិ៍ដូចជា៖ បណ្តាញខ្សែកាប ប្រព័ន្ធបញ្ជូនអគ្គិសនី ផ្លូវ ថ្មើ ជើង, ផ្លូវសម្រាប់ជនពិការ, ផ្លូវជិះកង់, ចំណតរថយន្ត, ផ្លាកសញ្ញា និងគំនូសសញ្ញាចរាចរណ៍, ប្រព័ន្ធ កាមេរ៉ាសុវត្ថិភាព, សួនច្បារ និងការដាំដើមឈើលម្អផ្លូវជាដើម។

គម្រោង សាងសង់ ខ្សែផ្លូវទាំង ៣៨ខ្សែ និងការងាររៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង ៣៨នេះ នឹងត្រូវអនុវត្តការសាងសង់ដោយអង្គភាព ចំនួន០៨ រួមមាន៖ កងវិស្វកម្ម លេខ ១៧៨ស្ពាន-ថ្នល់នៃនាយកដ្ឋានវិស្វកម្ម, កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប, កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប, អគ្គនាយកដ្ឋានសាធារណការ, អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់, នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ, នាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប៕