(ភ្នំពេញ)៖ អង្គភាពព័ត៌មាន Fresh News សូមចេញផ្សាយឡើងវិញ ដោយយោងតាមការជូនដំណឹងរបស់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានឲ្យដឹងនៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា លទ្ធផលធ្វើតេស្តលើកទី១របស់លោកបង្ហាញថា «អវិជ្ជមាន»។

លោករដ្ឋមន្រ្តី កើត រិទ្ធ បានជូនដំណឹងថា៖ «ខ្ញុំសូមជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងយុត្តិធម៌ ក៏ដូចជាអ្នកដែលមានការពាក់ព័ន្ធក្នុងទំនាក់ទំនងជាមួយខ្ញុំ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ មេត្តាជ្រាបថា យោងតាមព័ត៌មានពីលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល លទ្ធផលនៃការធ្វើតេស្តលើកទី១ របស់ខ្ញុំគឺ អវិជ្ជមាន»។

រដ្ឋមន្រ្តី កើត រិទ្ធ បានបន្ថែមថា «ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវនៅបន្តរស់នៅដោយឡែកតាមវិធានចត្តាឡីស័ក និងបន្តធ្វើតេស្តតាមការកំណត់របស់ក្រសួងសុខាភិបាល ជាបន្តទៀត។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមអំពាវនាវជាថ្មីដល់អ្នកដែលមានការពាក់ព័ន្ធក្នុងទំនាក់ទំនងជាមួយខ្ញុំ ទាំងដោយផ្ទាល់ ទាំងដោយប្រយោល សូមបន្តធ្វើចត្តាឡីស័ក, ទៅជួបមន្រ្តីសុខាភិបាលដើម្បីយក សំណាកធ្វើតេស្តនៅតាមទីតាំង និងពេលវេលាកំណត់ដោយក្រសួងសុខាភិបាល និងត្រូវគោរពវិធានសុវត្ថិភាពតាមការណែនាំ របស់ក្រសួងសុខាភិបាលអោយត្រឹមត្រូវ និងម៉ឺងម៉ាត់ ដើម្បីម្ចាស់ការគ្រប់គ្នាក្នុងស្មារតីរួមចំណែកការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ សូមជូនពរសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា!»។

សូមជំរាបថា យោងតាមលទ្ធផលពីមន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលបានឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង, លោក សាយ សំអាល់, លោក កើត រិទ្ធ, លោក សក់ សេដ្ឋា, លោក នេត សាវឿន, លោក គឹម សន្តិភាព បានទទួលលទ្ធផលអវិជ្ជមានកូវីដ១៩ ក្នុងការធ្វើតេស្តលើកទី១។

សូមជំរាបថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានហៅព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារគឺជារឿងធ្ងន់ធ្ងរណាស់ ហើយសូមប្រកាសអំពាវនាវឲ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ប្រញាប់ប្រញាល់ចូលខ្លួនមកធ្វើតេស្តដើម្បីស្វែងរកមេរោគកូវីដ១៩។

គិតត្រឹមរសៀលថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ មានមនុស្សចំនួន១៤នាក់ហើយ នៃក្រុមគ្រួសាររបស់អគ្គនាយកពន្ធនាគារបានឆ្លងជំងឺកូវីដ១៩៕