(ភ្នំពេញ)៖ តបតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ បានប្រកាសថា សម្រាប់អ្នកដែលពុំមានលទ្ធភាពធ្វើចត្តាឡីស័ក ដោយខ្លួនឯង គឺអាចធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខាភ្នំពេញបាន ដោយរដ្ឋាភិបាលជាអ្នកធានារ៉ាប់រងក្នុងការចំណាយ។

នេះបើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា នាពេលនេះក្រសួងសុខាភិបាល កំពុងតែប្រមូលអ្នកពាក់ព័ន្ធនឹង លោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ និងភរិយារបស់គាត់ទាំងអស់ ដើម្បីធ្វើតេស្ត និងដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីរកឃើញថា គាត់មានផ្ទុកមេរោគកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានហៅករណីឆ្លងជំងឺកូវីដ១៩របស់ក្រុមគ្រួសារអគ្គនាយកពន្ធនាគារគឺជារឿងធ្ងន់ធ្ងរណាស់ និងជាករណីឆ្លងដល់សហគមន៍កម្ពុជា ហើយអំពាវនាវឲ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ប្រញាប់ប្រញាល់ចូលខ្លួនមកធ្វើតេស្តដើម្បីស្វែងរកមេរោគកូវីដ១៩។

គិតត្រឹមម៉ោងនេះមានមនុស្សចំនួន៨នាក់ហើយ នៃក្រុមគ្រួសាររបស់អគ្គនាយកពន្ធនាគារ ត្រូវបានរកឃើញដោយក្រសួងសុខាភិបាលថា បានឆ្លងជំងឺកូវីដ១៩។

នៅក្នុងសាររបស់សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋកុំឲ្យមានភ័យស្លន់ស្លោរ ពាក់ព័ន្ធករណីឆ្លងក្នុងសហគមន៍នេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្តល់សិទ្ធិដល់រដ្ឋមន្រ្តី និងអភិបាលខេត្ត ក្នុងផ្អាកជាបណ្តោះអាសន្នផ្នែកខ្លះនៃក្រសួង ឬបិទភោជនីយដ្ឋានណា ដែលមានការពាក់ព័ន្ធករណីឆ្លងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃនេះក្រុមគ្រូពេទ្យបានធ្វើសំណាកលើមនុស្សជាង៣០០០នាក់ផងដែរ។

សម្រាប់អ្នកពាក់ព័ន្ធដែលស្នើសុំធ្វើចត្តាឡីស័ក នៅសណ្ឋាគារសុខា អាចទំនាក់ទំនងលេខទូរស័ព្ទដូចតទៅ៖
១៖ លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ០៧៧ ៦៣ ៧៧៧៧
២៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ០១១៨៤៨ ៦៨៧
៣៖ លោក គឹម ណារ៉ែន អនុប្រធាននាយកដ្ឋានថវិកា និងហិរញ្ញវត្ថុ នៃក្រសួងសុខាភិបាល ០១២ ៧០៧ ០៧១៕