(ឥណ្ឌា)៖ លោក នរិន្ទ្រា ម៉ូឌី នាយករដ្ឋមន្រ្តីសាធារណរដ្ឋឥណ្ឌា បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងចំនួន ៣ ដើម្បីត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើដំណើរការអភិវឌ្ឍ និងការផលិតវ៉ាក់សាំង ដោយលោកបានធ្វើទស្សនកិច្ចនៅសួន Zydus Biotech នៅទីក្រុង Ahmedabad សួន Bharat Biotech នៅទីក្រុង Hyderabad និងវិទ្យាស្ថាន Serum នៅទីក្រុង Pune។

ទីតាំងពីរក្នុងចំណោមនោះ គឺជាកន្លែងដែលប្រទេសឥណ្ឌាកំពុងបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ហើយទីតាំងមួយទៀត គឺជាកន្លែងដែលកំពុងផលិតវ៉ាក់សាំងរាប់ពាន់លានសម្រាប់ជួយសង្រ្គោះពិភពលោក។

លោកនាយករដ្ឋមន្រ្តីបានប្រាប់អ្នកវិទ្យាសាស្ត្រថា លោកបានជួបពួកគេទល់មុខគ្នា ដើម្បីលើកកម្ពស់សីលធម៌ និងជួយបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេនៅដំណាក់កាលអភិវឌ្ឍន៍វ៉ាក់សាំងនេះ។

លោក ម៉ូឌី បានសង្កត់ធ្ងន់ថា ឥណ្ឌាចាត់ទុកវ៉ាក់សាំងមិនត្រឹមតែសំខាន់ចំពោះសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជាសុខភាពសកលផងដែរ ហើយវាជាកាតព្វកិច្ចរបស់ឥណ្ឌាក្នុងការជួយប្រទេសដទៃទៀត រួមទាំងប្រជាជាតិនានានៅក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស។

ប្រទេសឥណ្ឌាមិនត្រឹមតែដឹកនាំពិភពលោកក្នុងការស្រាវជ្រាវវ៉ាក់សាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏សំខាន់សម្រាប់ការផលិតវ៉ាក់សាំងសម្រាប់ពិភពលោកផងដែរ។ ម្យ៉ាងវិញទៀត ប្រទេសឥណ្ឌាបានក្លាយជាឱសថស្ថាន សម្រាប់ពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

គួរជម្រាបថា នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ឯកអគ្គរដ្ឋទូតនៃប្រទេសចំនួន ១០០ នឹងធ្វើទស្សនកិច្ចនៅទីក្រុង Pune ដែលពួកគេនឹងទៅវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា និង Gennova Biopharmaceuticals Limited៕