(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមការងារឆ្លើយតបបន្ទាន់ RRT នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ចាប់យកសំណាកដែលប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយលោក ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រ នៅរាជធានីភ្នំពេញ ដើម្បីស្វែងរកជំងឺកូវីដ-១៩។

បើតាមលោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមាជ័យ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅនេះថ្ងៃថាសកម្មភាពយកសំណាក បានធ្វើឡើងក្រោម ការដឹកនាំសម្របសម្រួលពីលោក អ៊ុ រាត្រី អភិបាកខេត្ត ដោយមានការសហការចូលរួមពីអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយលោក ឆែម សាវុធ និងអ្នកពាក់ព័ន្ធបានយ៉ាងរលូន ប្រកបដោយការទទួលខុសត្រូវក្នុងការបង្ការទប់ស្កាត់កូវីដ-១៩ទាំងអស់គ្នា។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានប្រកាសថា គ្រូពេទ្យ និងមន្ត្រីជំនាញក្រុម RRT នៃមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ ធ្វើតេស្តតែអ្នកទាំងឡាយណាដែលបានប៉ះពាល់ផ្ទាល់សិនប៉ុណ្ណោះ ពោលគឺប៉ះពាល់ជាមួយលោកព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង លោកស្នងការ ស្នងការរង លោកប្រធាន អនុប្រធានពន្ធនាគារ និងអនុរក្សពន្ធនាគារតែប៉ុណ្ណោះ។ បន្ទាប់ពីមន្ត្រីទាំងអស់នេះ ដែលធ្លាប់ប៉ះពាល់ផ្ទាល់ជាមួយលោក ឆែម សាវុធ កាលពីពេលកន្លងទៅ នៅទីតាំងពន្ធនាគារខេត្ត ពេលទទួលការវិលត្រឡប់មកវិញនូវអ្នកជាប់ឃុំជាង ១,៦០០នាក់ ក្រោយទឹកជំនន់ស្រក។

ក្នុងនេះអ្នកពាក់ព័ន្ធដែលប៉ះពាក់ព័ន្ធផ្ទាល់ និងប្រយោលជាបន្តបន្ទាប់នឹងមន្ត្រីដូចខាងលើ ក៏សម្រុកមកសុំផ្តល់សំណាកវិភាគជាមួយក្រុមការងារ RRT ឯមន្ត្រីដែលបានផ្តល់សំណាកវិភាគហើយ ក៏បានចេញទៅធ្វើចត្តាឡីស័កនៅដាច់ដោយឡែកពីគេ និងរង់ចាំលទ្ធផលតេស្ត ថាតើវិជ្ជមាន ឬអវិជ្ជមានកូវីដ-១៩ នៅពេលខាងមុខនេះ៕