(កណ្ដាល)៖ លោក ហ៊ាង ប៊ុនថា និងសហការី បាននាំយកអំណោយសប្បុរសជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៥៧គ្រួសារ នៅភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

នៅក្នុងពិធីចែកអំណោយនេះប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះដែលមានការអញ្ជើញចូលរួមពីលោក រិន ច័ន្ទរិទ្ធិ អគនាយកក្រុមហ៊ុន DNZ Realty, លោក ខឿន វណ្ណៈ ហុងចាន់រ៉ាទី ម្ចាស់ក្រុមហ៊ុន CHDD Beauty Co;Ltd លោកមេឃុំ នាយប៉ុស្តិ៍ មេភូមិទាំង៣ និងលោក-លោកស្រី សប្បុរសជននានា និងបងប្អូនអ្នកសារព័ត៌មានជាច្រើនអ្នក។

លោក រិន ច័ន្ទរិទ្ធិ បានថ្លែងថា អំណោយថ្ងៃនេះថ្វីត្បិតតែមិនអាចជួយឲ្យបងប្អូនអាចរស់បានមួយជីវិត តែជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងជាសកម្មភាពមនុស្សធម៌ហើយក៏ជាការចូលរួមចំណែក ក្នុងនាមខ្មែរជួយខ្មែរ យើងចេះជួយគ្នាក្នុងគ្រាលំបាក ដែលនេះក៏ស្របទៅតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងឱកាសនោះលោក ហ៊ាង ប៊ុនថា ប្រធានសកម្មជនហ្វេសប៊ុកកម្ពុជា និងជាតំណាងសប្បុរសជន បានអរគុណសន្តិភាព សូមអរគុណស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន។

លោកបន្តថា «យើងមានឱកាស បានជួបជុំគ្នានៅព្រឹកនេះក៏ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អប្រសើរ មានការអភិវឌ្ឍ ទាំងហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និង សេដ្ឋកិច្ច ក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ»

លោកបានថ្លែងបន្តទៀតថា បច្ចុប្បន្នពិភពលោកកំពុងតែរងគ្រោះដោយសារវិបត្តិជំងឺកូវិត-១៩ ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ និងកំពុងឆ្លងចូលសហគមន៍ ដូច្នេះសូម ពុក ម៉ែ បងប្អូន លោកយាយ លោកតា ពូ មីង ត្រូវចូលរួមទប់ស្កាត់ឲ្យបានទាំងអស់គ្នាចំពោះជំងឺកូវីដ១៩ គឺត្រូវពាក់ម៉ាស់ លាងដៃជាមួយអាល់កុល សាប៊ូ និងជេលឲ្យបានញឹកញាប់និងត្រឹមត្រូវ។

លោក ហ៊ាង ប៊ុនថា ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ស សុខា តាមរយៈលោក ខៀវ ភារិទ្ធ តំណាងរាស្ត្រខេត្តព្រៃវែង, លោក គង់ វិមាន នាយកខុទ្ទកាល័យ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួង, លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ព្រមទាំងសប្បុរសជននានាដែលបានចូលរួមឧបត្ថម្ភជាសម្ភារ និងថវិកាដល់លោក និងសហការី ដើម្បីមានឱកាសបានយកអំណោយទាំងនេះមកចែកជូនបងប្អូនប្រជាពលរដ្ឋនៅព្រឹកថ្ងៃនេះ។

គួរជម្រាបថា អំណោយសប្បុរសធម៌ដែលប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥Kg, មី ១កេស,ទឹកត្រី ១យួរ, ទឹកស៊ីវអ៊ីវ១យួរ, អាវរងារ១, ភួយ១, ម៉ាស់១ប្រអប់, ទឹកអាល់កុល ១ដប និងថវិកា២ម៉ឺនរៀល៕