(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញមុខមកអង្វរករប្រជាពលរដ្ឋ កុំឲ្យទម្លាក់កំហុសដាក់ អ្នកណាឲ្យសោះ ខណៈកម្ពុជាទើបរកឃើញជំងឺកូវីដ១៩ ឆ្លងក្នុងសហគមន៍ជាលើកដំបូង ហើយដំណាក់កាលនេះត្រូវរួមគ្នាទប់ស្កាត់ជំងឺកាចសាហាវមួយនេះ។

ការចេញមកអំពាវនាវរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយបំភ្លៃការពិតថា «ភរិយាអគ្គនាយកពន្ធនាគារ ទើបត្រឡប់មកពីសហរដ្ឋអាមេរិក» ហើយដើរពាសវាល ពាសកាល មិនធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រី ឱ វណ្ណឌីន បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ករណីភរិយាអគ្គនាយកពន្ធនាគារ មានផ្ទុកជំងឺកូវីដ១៩ គឺជាករណីឆ្លងក្នុងសហគមន៍ លើកដំបូងបំផុតនៅកម្ពុជា។ ក្នុងន័យនេះ លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋ រួមគ្នាបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ១៩ទាំងអស់គ្នា ដើម្បីយកឈ្នះជំងឺរាតត្បាត ដ៏សាហាវជាសកលមួយនេះ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដំណាក់កាលនេះ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ គឺជាពេលវេលាដែលខ្មែរ ត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ និងរបស់ក្រសួងសុខាភិបាលឲ្យបានគ្រប់ៗគ្នា ដើម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ។ ខ្ញុំសុំលើកដៃអង្វរលោកអ្នកទាំងអស់ សូមមេត្តាកុំរុញឲ្យខ្លោច រោចឲ្យឆៅ កុំគិតរកកំហុសទម្លាក់ដាក់អ្នកនេះអ្នកនោះអីណា។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តន៍វិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន ធ្វើយ៉ាងណាកុំឲ្យមានការចម្លងមកខ្លួនឯង កុំឲ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត និងកុំឲ្យចម្លងក្នុងសហគមន៍»

លោកស្រីបន្តថា «នៅប្រទេសគេដែលមានធនធានច្រើនជាងយើងផង នៅតែគ្រប់គ្រងមិនបាន ឈឺរាប់សែន រាប់លាននាក់ និងស្លាប់រាប់ពាន់ រាប់សែបនាក់ដែរ។ ប្រទេសយើងតូច ធនធានតិច ខិតខំទប់ស្កាត់បានជិតមួយឆ្នាំហើយ ដែលមិនមានការចម្លងចូលសហគមន៍ ទើបតែថ្ងៃនេះ (ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០) ដែលជាថ្ងៃដំបូងនៃការចម្លងក្នុងសហគមន៍ ដែលក្រុមការងារទាំងអស់ និងថ្នាក់ដឹកនាំក្រសួង មិនទាំងបានសម្រាន្ត ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីទប់ការរាតត្បាតបន្ត និងដើម្បីសុខភាពទាំងអស់គ្នា។ សង្ឃឹមថា ក្នុងស្មារតីសាមគ្គីភាព រួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ យើងនឹងខិតខំជម្នះឧបសគ្គមួយនេះទាំងអស់គ្នា»

សូមជំរាបថា ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ១៩ បានចូលទៅផ្សារទំនើបអ៉ីអនទី១ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ហើយបានដើរលេងនៅផ្សាររយៈពេលមួយម៉ោងកន្លះ។ ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅពេលទៅដល់ផ្សារទៅនើបអ៉ីអនទី១ លោកស្រីភរិយាអគ្គនាយកពន្ធនាគារ ឡើងទៅជាន់ទី១ ហើយចូលពិសាអាហារជប៉ុន នៅខាងឆ្វេងជណ្តើរយន្ត។

បន្ទាប់ពីពិសាអាហារជិតមួយម៉ោង គាត់បានចេញទៅទិញខោអាវ និងតុក្កតាផ្ញើចៅ ហើយក៏ចូលបន្ទប់ទឹក។ បន្ទាប់ពីចូលបន្ទប់ទឹក គាត់ចេញទៅផ្ទះតែម្តង។ ក្រសួងបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលចូលទៅផ្សារអ៉ីអន នៅព្រឹក ឬមុនថ្ងៃទី២១ ខែវិច្ឆិកា មិនជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះទេ។

គួរជម្រាបដែរថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។

គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ១៩ ចំនួន៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៤នាក់៕