(បន្ទាយមានជ័យ)៖ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានជនមិនស្គាល់អត្តសញ្ញាណ២នាក់ កំពុងលក់ថ្នាំញៀន ភ្លាមៗកម្លាំងកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះឃាត់ខ្លួន ព្រមទាំងដកហូតបានគ្រឿងញៀនមួយចំនួន។

ការបង្ក្រាបនេះ បានធ្វើឡើងនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានដកហូតវត្ថុតាងមួយចំនួនរួមមាន៖ គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន៦កូនថង់តូច និងគ្រាប់ថ្នាំយ៉ាម៉ាពណ៌ក្រហមចំនួន ៣ថង់តូច ស្មើនឹង ២១គ្រាប់ ពណ៌ខ្មៅ១គ្រាប់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ ទេព អ៊ូ អាយុ៣២ឆ្នាំ និងទី២៖ ឈ្មោះ ប៉ែន ដា អាយុ៥៨ឆ្នាំទាំង២នាក់ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានគូសបញ្ជាក់ថា ពេលដែលកម្លាំងបានធ្វើការសាកសួរជនសង្ស័យឈ្មោះ ទេព អ៊ូ បានឆ្លើយថា ខ្លួនគេបានទិញថ្នាំញៀននេះពីឈ្មោះ ប៉ែន ដា ជនសង្ស័យទាំង២នាក់ មានទំនាក់ទំនងនឹងគ្នាយ៉ាងស្អិតរមួត ម្នាក់មានថ្នាំលក់ម្នាក់ទៀត ទិញថ្នាំយកទៅលក់បន្ត។

ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងជំនាញគ្រឿងញៀន អាវុធហត្ថក្រុងបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្ត។

បច្ចុប្បន្ននេះ ជនស្ស័យខាងលើ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញគ្រឿងញៀនអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំងខេត្តចាត់ការតាមនីតិវិធីច្បាប់៕