(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ១៩ បានចូលទៅផ្សារទំនើបអ៉ីអនទី១ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមរំលឹកថា រាជរដ្ឋាភិបាល បានសម្រេចផ្អាកដំណើរការផ្សារទំនើបអ៉ីអនទី១ នៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បន្ទាប់ពីទទួលបានព័ត៌មានថា ស្ត្រីជាភរិយារបស់អគ្គនាយកពន្ធនាគារដែលមានវិជ្ជមានកូវីដ១៩ បានចូលទៅកាន់ផ្សារអ៉ីអនទី១។

លោកស្រី យក់ សម្បត្តិ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា នេះថា ភរិយារបស់អគ្គនាយកពន្ធនាគារ បានទៅដល់ផ្សារទំនើបអ៉ីអនទី១ នៅម៉ោង ៥៖៣០នាទីល្ងាច ហើយបានដើរលេងនៅផ្សាររយៈពេលមួយម៉ោងកន្លះ។

លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា នៅពេលទៅដល់ផ្សារទៅនើបអ៉ីអនទី១ លោកស្រីភរិយាអគ្គនាយកពន្ធនាគារ គាត់ឡើងទៅជាន់ទី១ ហើយចូលពិសារអាហារជប៉ុន នៅខាងឆ្វេងជណ្តើរយន្ត។ បន្ទាប់ពីពិសារអាហារជិតមួយម៉ោង គាត់បានចេញទៅទិញខោអាវ និងតុក្កតាផ្ញើចៅ ហើយក៏ចូលបន្ទប់ទឹក។ បន្ទាប់ពីចូលបន្ទប់ទឹកគាត់ចេញទៅផ្ទះតែម្តង។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋដែលចូលទៅផ្សារអ៉ីអន នៅព្រឹក ឬមុនថ្ងៃទី២១ ខែវិច្ឆិកា មិនជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះទេ។

សូមបញ្ជាក់ថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ១៩នេះនៅឡើយ។

ជាវិធានការទប់ស្កាត់ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអ៉ីអន សាលារៀន អន្តរទ្វីបអាមេកាំង និងសណ្ឋាគារភ្នំពេញ និងតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគ។

ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ។ ក្នុងនោះប្រជាពលរដ្ឋធម្មតាទៅកាន់ផ្សារទំនើបអ៉ីអន១ ហើយមន្ត្រីរាជការទៅកាន់ក្រសួងមហាផ្ទៃ។

គិតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកើតជំងឺកូវីដ១៩ សរុប ៣១៥នាក់។ ក្នុងនោះព្យាបាលជាសះស្បើយ ៣០១នាក់ និងកំពុងសម្រាកព្យាបាល ១៤នាក់៕