(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ពាក់ព័ន្ធករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៧នាក់ ដែលក្នុងនោះមាន៦នាក់ជាក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក។

នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលម្នាក់ជាបុរសជនជាតិខ្មែរ ដែលធ្វើដំណើរមកពីអាមេរិក និងម្នាក់ទៀត គឺជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងសុខាភិបាល អំពាវនាវដល់អ្នកដែលប៉ះពាល់ជាមួយក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ ចាំបាច់ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃនៅតាមផ្ទះរបស់ខ្លួន ឲ្យបានត្រឹមត្រូវ និងនៅមណ្ឌលចត្តាឡីស័ក នៅខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងបន្ទាយមានជ័យ និងអនុវត្តន៍ទៅតាមសារសំឡេង ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ និងរបស់ក្រសួងសុខាភិបាល ឲ្យបានហ្មត់ចត់ជាទីបំផុត ហើយកុំដើរចេញក្រៅផ្ទះ ឬចេញពីមណ្ឌលចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះឲ្យសោះ ដើម្បីទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះ ពីមនុស្សម្នាក់ទៅម្នាក់ និងកុំឲ្យមានការរាតត្បាតទ្រង់ទ្រាយធំនៅក្នុងសហគមន៍។

អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាលខេត្តដែលជាប់ពាក់ព័ ន្ធ ត្រូវបន្តរុករកស្រាវជ្រាវរកអ្នកប៉ះពាល់ និងធ្វើការតាមដាន ការងារធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃនេះជាបន្តទៀត ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ១៩បន្តគ្នា ក្នុងលក្ខណៈទ្រង់ទ្រាយធំ នៅសហគមន៍ផងដែរ។ រីឯផ្សារទំនើបអ៉ឺអន១ ត្រូវបានបិទជាបណ្តោះអាសន្នក្នុងរយៈពេល២-៣ថ្ងៃសិន ដើម្បីស្រាវជ្រាវរកអ្នកប៉ះពាល់។

ដោយអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ មានការជួបប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន នៅសប្តាហ៍កន្លងទៅនេះ និងដោយសារអ្នកជំងឺមានប្រវត្តិ ធ្វើដំណើរទៅខេត្តសៀមរាប និងទីកន្លែងផ្សេងៗទៀត ដូចជាផ្សារទំនើបអ៉ីអន១ និងខេត្តបន្ទាយមានជ័យជាដើម ហើយអ្នកប៉ះពាល់ផ្ទាល់មួយចំនួន ក៏បានធ្វើដំណើរទៅខេត្តស្ទឹងត្រែង មណ្ឌលគិរី និងអាចមានខេត្តផ្សេងៗទៀត (កំពុងស្រាវជ្រាវបន្ត) នៅក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ក្រសួងសុខាភិបាល បានរៀបចំក្រុមការងារយកសំណាក ហើយសូមអំពាវនាវដល់បុគ្គលទាំងអស់ ដែលបានជាប់ពាក់ព័ន្ធ ឬបានប្រាស័យទាក់ទងជាមួយអ្នកជំងឺខាងលើ សូមអញ្ជើញមកធ្វើតេស្តនៅបរិវេណក្រសួងមហាផ្ទៃ នៅបរិវេណផ្សារទំនើបអ៉ីអន១ រាជធានីភ្នំពេញ និងនៅពន្ធនាគារព្រៃស ចាប់ពីម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ។ ដោយឡែកក្រុមការងារក្រសួង នឹងយកវត្ថុសំណាកនៅកន្លែងផ្សេងៗទៀត ក្នុងករណីចាំបាច់។

រីឯកអ្នកដែលពាក់ព័ន្ធនឹងអ្នកជំងឺនៅខេត្តសៀមរាប សូមអញ្ជើញទៅធ្វើតេស្តនៅសាលាគុរកោសល្យខេត្តសៀមរាប ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលរៀបចំដោយមន្ទីរសុខាភិបាល។ នៅតាមបណ្តាខេត្តពាក់ព័ន្ធ សូមធ្វើការទំនាក់ទំនងជាមួយមន្ទីរសុខាភិបាលខេត្ត ដើម្បីធ្វើតេស្តបានទាន់ពេលវេលា ជាករចូលរួមទាំងអស់គ្នា ក្នុងការកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩ បន្តគ្នានៅតាមសហគមន៍ផងដែរ។

សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ១៩ ចំនួន៣១៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣០១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១៤នាក់៕