(ឧត្ដរមានជ័យ)៖ ទេសរដ្ឋមន្ដ្រី គន់ គីម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះខេត្តឧត្តរមានជ័យ។

ថ្លែងក្នុងឱកាសនោះ លោក គន់ គីម បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កម្ពុជាសម្រេចបាននូវសមទ្ធិផលធំធេងជាបន្តបន្ទាប់ និងបញ្ជៀសប្រទេសឲ្យរួចផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងរក្សាបានសន្តិភាពនៅទូទាំងប្រទេស។

ទេសរដ្ឋមន្រ្តី គន់ គីម បានលើកសរសើរដល់ ក្រុមការងារគ្រប់ថ្នាក់ ដែលបានរួមសាមគ្គី ឯកភាពគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចុះទៅដល់មូលដ្ឋានតាមខ្នងផ្ទះ ជួយប្រជាពលរដ្ឋដែលជួបលំបាកបានទាន់ពេលវេលា។ លោកក៏បានជំរុញឲ្យក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការងារមួយចំនួន ដូចខាងក្រោម៖

*ទី១៖ យកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បន្តអនុវត្តឲ្យកាន់តែប្រសើរថែមទៀត អំពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រួមគ្នាទប់ស្កាត់ការប្រើប្រាស់ជួញដូរគ្រឿងញៀននៅតាមមូលដ្ឋាន និងទប់ស្កាត់បង្ក្រាបរាល់បទល្មើសនាៗ

*ទី២៖ ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយយកអភិក្រមទាំង៥ ធ្វើជាគោល (ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់)

*ទី៣៖ បន្តបើកវេទិកាសាធារណៈចុះតាមខ្នងផ្ទះ ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ និងបន្តរកអ្នកក្រីក្រងាយរងគ្រោះដោយជំងឺកូវីដ-១៩ ធ្វើបច្ចុប្បន្នភាពអ្នកក្រីក្រងាយរងគ្រោះ

*ទី៤៖ ត្រូវត្រៀមកម្លាំង និងមធ្យោបាយសម្ភារចូលរួមសង្គ្រោះប្រជាពលដ្ឋ ពេលមានគ្រោះមហន្តរាយផ្សេងៗ កើតទ្បើងជាយថាហេតុ និងបន្ដដោះស្រាយបញ្ហាទំនាស់ដីធ្លីនៅតាមបណ្ដាស្រុក។

គួរជម្រាបថា អនុវត្តតាមការណែនាំរបស់ ទេសរដ្ឋមន្ដ្រី គន់ គីម ក្រុមការងាររួមជាមួយអាជ្ញាធរ គ្រប់ថ្នាក់ និងមន្ទីរស្ថាប័នជំនាញបានចុះធ្វើសកម្មភាព ឆ្ពោះទៅមូលដ្ឋាន ចុះជួបពលរដ្ឋតាមខ្នងផ្ទះ ដើម្បីដឹងអំពីសុខទុក្ខ និងកង្វះខាតរបស់គាត់ ក្នុងរយៈកាលនៃជំងឺកូវីដ-១៩ និងរងគ្រោះជាយថាហេតុផ្សេងៗ ក៏ដូចជាគ្រោះទឹកជំនន់នៅពេលកន្លងមក៕