(កំពត)៖ ដោយសារតែភាពល្បាញល្បីជាម្រេចដែលមានគុណភាពល្អនោះ «ម្រេចកំពត» ទទួលបានការគាំទ្រ និងបញ្ជាទិញកាន់តែច្រើនពីទីផ្សារនៅក្រៅប្រទេស។ នៅពេលនេះ ប្រទេសឆែក និងក្រុមហ៊ុន «EU Land and Pepper» Investment បានចុះកិច្ចព្រមព្រៀងទិញ «ម្រេចកំពត» ផងដែរ។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញ «ម្រេចកំពត» រវាងសមាគម «ម្រេចកំពត» ជាមួយប្រទេសឆែក និងក្រុមហ៊ុន «EU Land and Pepper» ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក Stěpán Vojnár ភារធារីនៃស្ថានទូតឆែក និងជាអគ្គរដ្ឋទូតស្តីទីប្រទេសឆែក ប្រចាំនៅកម្ពុជា, លោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម តំណាងក្រុមហ៊ុន «EU Land and Pepper Investment» ព្រមទាំងផលិតករម្រេចកំពតជាច្រើនរូបទៀត។

ថ្លែងទៅកាន់កម្មវិធីនាពេលនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានវាយតម្លៃនិងកោតសរសើរខ្ពស់ចំពោះ លោក Stěpán Vojnár ភារធារីស្ថានទូតឆែក និងក្រុមហ៊ុន EU Land and Pepper Investment ដែលបានបញ្ជាទិញ «ម្រេចកំពត» ក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩។ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានហៅការបញ្ជាទិញនេះ ជាកាយវិការដ៏សំខាន់មិនអាចកាត់ថ្លៃបាន ព្រោះបានចូលរួមក្នុងការសម្រួលបន្ទុក និងកាត់បន្ថយបញ្ហាប្រឈមដែលផលិតករម្រេចកំពតកំពុងជួបប្រទះ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានស្នើសុំ និងលើកទឹកចិត្តឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងដៃគូអភិវឌ្ឍន៍ និងផលិតករ «ម្រេចកំពត» ទាំងអស់ ឱ្យបន្តសហការ និងចូលរួមឱ្យបានសកម្មបន្ថែមទៀត ក្នុងសកម្មភាពលើកកម្ពស់ «មេ្រចកំពត»។

លោក ប៉ាន សូរស័ក្តិ ក៏បានណែនាំឱ្យមានការរៀបចំសន្និសីទប្រចាំឆ្នាំជាមួយសហព័ន្ធម្រេចកម្ពុជា និងសហគមន៍ម្រេចពិភពលោក (World Pepper Community) ព្រមទាំងពង្រឹងការអនុវត្តច្បាប់ដើម្បីលុបបំបាត់ និងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត «ម្រេចកំពត» ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង រក្សាកេរ្តិ៍ឈ្មោះ និងគុណភាពនៃផលិតផលសម្គាល់ភូមិសាស្ត្រ «ម្រេចកំពត» បង្កើនទំនុកចិត្តចំពោះអ្នកប្រើប្រាស់។

បើតាមលោក ប៉ាន សូរស័ក្តិ ការជ្រើសរើស និងចុះបញ្ជី «ម្រេចកំពត» ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដំបូងគេបង្អស់នៅក្នុងកម្ពុជា បានធ្វើឡើងកាលពីឆ្នាំ២០១០។ លោកបានឱ្យដឹងថា ការចាប់ផ្តើមដំបូងមានផលិតករចំនួន ១១៨គ្រួសារ ក្រុមហ៊ុនចំនួន១២ និងផ្ទៃដីដាំដុះត្រឹមតែ ១០ហិកតា ដែលអាចប្រមូលទិន្នផលបានតែ ១០តោនប៉ុណ្ណោះ។

លុះមកដល់ឆ្នាំ២០២០នេះ «ម្រេចកំពត» មានផលិតករសរុបចំនួន ៤៥៥គ្រួសារ ក្រុមហ៊ុនចំនួន៣៨ និងផ្ទៃដីដាំដុះកើនឡើងដល់ ២៩០ហិកតា ដែលអាចប្រមូលទិន្នផលបានរហូតដល់ចំនួន ៨២.៧៨តោន និងមានទីផ្សារនាំចេញទៅប្រទេសនៅទ្វីបអាស៊ី និងអឺរ៉ុប។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រជាប្រិយភាពកំពតត្រូវបានរីកសាយភាពបែបនេះ ដោយម៉ាកសម្គាល់ភូមិសាស្រ្ត ទំនិញ «ម្រេចកំពត» ត្រូវបានទទួលការចុះបញ្ជីជាបន្តបន្ទាប់នៅក្នុងតំបន់ និងសកលលោក ហើយទទួលបានការការពារនៅប្រទេស ថៃ វៀតណាម និងសហភាពអឺរ៉ុប។ ថ្មីៗនេះក្រសួងពាណិជ្ជកម្ម បានជួយសម្របសម្រួលដាក់ពាក្យស្នើសុំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ម្រេចកំពត» ជាអន្តរជាតិ នៅបណ្តាប្រទេសចំនួន៥០ ក្រោមច្បាប់ស្តីពីទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងទីក្រុងលីស្បោន ស្តីពីប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ។

សូមបញ្ជាក់ថា នៅក្នុងពិធីនាថ្ងៃទី២៧ ខែវិច្ឆិកានោះ ក៏មានការប្រគល់ និងទទួលឧបករណ៍វេចខ្ចប់ម្រេចផងដែរ ដើម្បីបង្កើនការវេចខ្ចប់ឱ្យបានកាន់តែរហ័សថែមទៀត៕