(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចាត់ក្រុមការងារមួយក្រុម ដើម្បីសហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យ និងដោះស្រាយបន្ទាន់នូវករណីពុលស្រាស នៅក្នុងពិធីបុណ្យសពអ្នកពុលថ្នាំ ក្នុងខេត្តកំពង់ឆ្នាំង បណ្តាលឱ្យមានមនុស្សពុល៤នាក់ និងស្លាប់១នាក់ទៀត។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រុមការងារក្រសួងសុខាភិបាលដែលចុះពិនិត្យករណីខាងលើនេះ ដឹកនាំដោយ លោកសាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណេីរដោយ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោកវេជ្ជបណ្ឌិត ង៉ូវ កាង អគ្គាធិការរងនៃអគ្គាធិការដ្ឋានក្រសួងសុខាភិបាល។

លោកស្រីបញ្ជាក់ថា ក្រុមការងារតម្រូវឲ្យធ្វេីដំណេីរទាំងយប់នេះ និងបានពិភាក្សាជាមួយ លោកអភិបាលខេត្តកំពង់ឆ្នាំង ដេីម្បីបញ្ឈប់ការលក់ និងចែកចាយស្រាសនោះជាបន្ទាន់ផងដែរ។

បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល, បច្ចុប្បន្ន អ្នកសង្ស័យថា ពុលស្រាចំនួន០៤នាក់ (ស្រី២នាក់ និងប្រុស២នាក់) មានសភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។ លោកស្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ កុំពិសារស្រាស ដែលផលិតគ្មានបច្ចេកទេសត្រឹមត្រូវ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់បាត់បង់ជីវិត។

សូមបញ្ជាក់ថា មុននឹងមានករណីពុលស្រាសក្នុងកម្មវិធីបុណ្យសពនេះ គឺមានស្រ្តី២នាក់បានស្លាប់បន្ទាប់ពីបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរបង្អែកខេត្ត និង១៣នាក់ផ្សេងទៀត មានអាការៈធ្ងន់ និងស្រាលកំពុងសង្រ្គោះបន្ទាន់ បន្ទាប់ពីពួកគាត់បាននាំគ្នាហូបទឹកអណ្តូងនៅតាមវាលស្រែ ពេលសម្រាកហូបបាយថ្ងៃត្រង់រួច កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះដែលស្លាប់ក្នុងករណីពុលទឹកនេះម្នាក់ឈ្មោះ ណុល វ៉ារ៉ុម អាយុ៤៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ៅ ចិន្តា អាយុ៤៧ឆ្នាំ ទាំងពីរនាក់រស់នៅភូមិជីប្រង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង៕