(រតនគីរី)៖ លោក ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២០ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាស អនុប្រធាននិងបំពេញបន្ថែមសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាអនុប្រធានអចិន្រ្តៃយ៍ព្រមទាំងឯកឧត្តមជាសមាជិកក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងក្រុមការងារលេខាធិការដ្ឋាន ជាច្រើនរូបទៀតផងដែរ។

យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ១០១សសរ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការតែងតាំងអនុប្រធាន និងបំពេញបន្ថែម ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តរតនគិរី ដើមត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងរួមមាន៖

១៖ លោក វ៉ា ស៊ិន ភីរម្យ ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា

២៖ លោក សោម រតនា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវានិងជានាយក នាយកដ្ឋានសោធនិវត្តន៍ក្រសួង ការពារជាតិជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី

៣៖ លោក សុត វុទ្ធី អគ្គនាយករង អគ្គនាយកដ្ឋានអធិការកិច្ចក្រសួងការពារជាតិ

៤៖ លោក ប្រុក សាវុនអគ្គនាយករងអគ្គនាយដ្ឋានប្រេងឥន្ធន ក្រសួងការពារជាតិ ជាសមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី

មានប្រសាសន៍ក្នុងពិធីនេះ អភិបាលខេត្តរតនគីរី ក៏បានបញ្ជាក់ថា ការចុះអនុវត្តការងារយ៉ាងសកម្ម របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត គឺពិតជាបានបង្ហាញឲ្យឃើញពីឆន្ទៈ និងការប្ដេជ្ញាចិត្តរួមគ្នាយ៉ាងមោះមុត ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការប្រមូលផ្ដុំនូវកម្លាំងសរុប តម្រង់ឆ្ពោះទៅមូលដ្ឋាន ដើម្បីគាំទ្រ និងជួយដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងជាពិសេសចូលរួមដោះស្រាយ និងបូកសរុបសំណើ សំណូមពរបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីកំណត់ទិសដៅ វិធានការដោះស្រាយ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយនេះ ជួយជំរុញការយល់ដឹងពីមូលដ្ឋាន និងបង្កើនភាពជិតស្និទ្ធ និងស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំ និងមន្ត្រី នៃរដ្ឋបាលថ្នាក់កណ្ដាល អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតាមមូលដ្ឋានផងដែរ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ លោក ជៀង អំ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី បានថ្លែងថា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បាននាំនាវាកម្ពុជាឆ្ពោះទៅមុខស្ថិតក្រោមដំបូលសុខសន្តិភាព ប្រជាជនមានជីវភាពធូធារប្រសើជាងមុន ក្នុងនោះរួមទាំង ការអភិវឌ្ឍហេដ្ឋាចនាសម្ព័ន្ធមានការចំរើនលើគ្រប់វិស័យផងដែរ។

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ដល់លោកស្រីជាក្រុមការរាជរដ្ឋាភិបាល ក្រុមការងារលេខាធិការដ្ឋាន ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត និងធនធានក្នុងការចុះជួយប្រជាពលរដ្ឋនៅមូលដ្ឋាន ជាបន្តបន្ទាប់ ក្នុងនោះបានចុះអនុវត្តយ៉ាងសកម្ម ក្នុងការយកចិត្តទុកដាក់ទៅលើការតាមដាន និងពិនិត្យការងារ ជាពិសេសការប្រមូលព័ត៌មានជាក់ស្តែងដើម្បីធ្វើការឆ្លើយ តបនូវតម្រូវការ កង្វល់ បញ្ហាសំណើរសំណូមពរ និងជម្រុញការដោះស្រាយសមស្រប ជូនបងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាននោះ៕