(ម៉ិចស៊ិកូ)៖ អំពើហិង្សាដ៏កក្រើក បានកើតឡើងនៅទីក្រុង ម៉ុនតេរ៉េយ (Monterry) នៃប្រទេសម៉ិចស៊ិកូ ដែលមានការចូលរួមពីទណ្ឌិត (អ្នកទោស) ដែលជាប់ទោសនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀនទាំងឡាយ បានបណ្តាលឲ្យមនុស្ស ៥២នាក់ស្លាប់ និង ១២នាក់ទៀតរងរបួស ដែលវាបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងសម្តេច Pope Francis យាងមកបំពេញទស្សនកិច្ចនៅពន្ធនាគារមួយនៅម៉ិចស៊ិកូ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានអង់គ្លេស The Guardian នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៦។

លោក ចេម រ៉ូឌ្រីហ្គែស (Jaime Rodriguez) អភិបាលរដ្ឋ ណេវ៉ូ ឡេអន (Nuevo Leon) ដែលជារដ្ឋទទួលបន្ទុកគ្រប់គ្រងលើពន្ធនាគារនៅ ម៉ុនតេរ៉េយ នោះបានបញ្ជាក់ពីចំនួនមនុស្សស្លាប់ នៅពីព្រឹកថ្ងៃសុក្រ ដោយពន្ធនាគារ ឈ្មោះ តូប៉ូ ជីកូ (Topo Chico) នេះ បានកើតកោលាហល តាំងពីពាក់កណ្តាលអាធ្រាតមកម្ល៉េះ។ លោកអភិបាល និយាយថា «អំឡុងពេលប្រតាយប្រតប់គ្នានោះ ទណ្ឌិតមួយចំនួនបាន ដុតអាហារដ្ឋាន និងបន្ទប់ស្នាក់នៅ ប៉ុន្តែមិនមានការបាញ់បោះកើតឡើងនោះឡើយ»។

គួរបញ្ជាក់តាមសម្តីអភិបាលរដ្ឋថា មូលហេតុនៃអំពើហិង្សាទ្រង់ទ្រាយធំ បានកើតចេញដំបូងពីអ្នកទោសម្នាក់ ដែលជាអតីតសមាជិកនៃក្រុមរត់ពន្ធគ្រឿងញៀន ហ្សេតាស់ (Zetas) ឈ្មោះ ចូអាន ផេដ្រូ សាលឌីវ៉ា (Juan Pedro Saldivar) ដែលជនរូបនេះ ក៏ជាអតីតមន្ត្រីយោធាពិសេសរបស់ម៉ិចស៊ិកូផងដែរ មុននឹងក្លាយជាមេរត់ពន្ធគ្រឿងញៀននោះ៕