(កំពង់ធំ)៖ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បាននាំយកអំណោយជាសម្ភារត្រៀមសម្រាប់រដូវរងាចុះចែកជូនប្រជាពលរដ្ឋស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

អំណោយជាសម្ភារត្រៀមសម្រាប់រដូវរងានេះ ជាអំណោយរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី និងត្រូវបាននាំចុះចែកជូនដល់ប្រជាពលរដ្ឋតាមរយៈលោកស្រី ជា សិរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកស្រី ជា សិរី បានថ្លែងថា «ខែរងាកំពុងតែឈានមកដល់ហើយរដូវនេះ ជារដូវរងានៅកម្ពុជាយើង។ ពិតមែនតែប្រទេសយើងមិនធ្លាក់ព្រិល ក៏អាកាសធាតុអាចធ្លាក់ចុះរហូតដល់ ១៩ អង្សាសេដែរ ហើយសម្រាប់ប្រជាជន នៅតាមស្រុកស្រែចំការ អាកាសធាតុប៉ុណ្ណេះអាចធ្វើអោយគាត់មានអារម្មណ៍ថា រងាខ្លាំងជាងសីតុណ្ហភាព១៩អង្សាសេទៅទៀត»

លោកស្រីបន្ដថា «ខ្ញុំចាំពីអំឡុងពេលនៃព្រឹត្តិការណ៍៣វិច្ឆិកាកន្លងទៅថ្មីៗនេះ ដែលខ្ញុំបានធ្វើចត្តាឡីស័ក ហើយនាព្រឹកមួយ ដែលខ្ញុំក្រោកឡើងមកមានអារម្មណ៍ថា រៀងត្រជាក់ស្រឹបៗ ហើយគិតថា ខ្ញុំប្រហែលចាប់ផ្តើមគ្រុនក្តៅហើយ។ រហូតដល់ពេលដែលខ្ញំមើលចេញទៅក្រៅបង្អួច ទើបឃើញថា អ្នកដើរតាមផ្លូវស្លៀកពាក់អាវរងា និងគិតថា គឺអាកាសធាតុចាប់ផ្តើមត្រជាក់ ដូច្នេះនៅថ្ងៃនេះក្រុមការងារយើង បានទៅដល់ភូមិស្រុករបស់ឳពុកម្តាយខ្ញុំ និងបាននាំយកភួយជាង ៣៥០ និងសាប៊ូ (ដោយមិនភ្លេចពីអនាម័យ) មកចែកជូនដល់ប្រជាជនទីទ័លក្រនៅក្នុងភូមិ។ ជាការប្រុងប្រយ័ត្ន ខ្ញុំក៏បានប្រកាន់ខ្ជាប់នូវការពាក់ម៉ាស ហើយបានរំលឹកទៅដល់លោកតា លោកយាយ អ៊ុ ពូ មីង និងប្អូនទាំងអស់ឲ្យធ្វើដូច្នេះដែរ តាមដែលអាចធ្វើបាន»

លោកស្រីបន្ថែមថា «ដំបូងឡើយ ពេលឃើញខ្ញុំពាក់ម៉ាស ប្រហែលជាគាត់គិតថា ខ្ញុំអាចខ្លាចពួកគាត់ ក៏ប៉ុន្តែខ្ញុំបានប្រាប់ពួកគាត់ថា មានតែខ្ញុំទេ ដែលព្រួយបារម្ភថា ពួកគាត់ខ្លាចខ្ញុំ ដោយសារខ្ញុំទើបបានបញ្ចប់ការធ្វើចត្តាឡីស័ក។ ទោះយ៉ាងណា វាជារឿងល្អ ដែលគ្រប់គ្នាត្រូវខ្លាចបន្តិច បានន័យថា គាត់យល់ពីបំរាមរបស់ក្រសួងសុខាភិបាល បានល្អ»

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០៕