(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងដំណើរបេសកកម្មចុះពិនិត្យលទ្ធផលការងារអន្តរាគមន៍ជួលជុលបន្ទាន់ដើម្បីបិទផ្ចិតភ្លឺប្រឡាយ ទំនប់អាងទឹកខ្ចប់រក្សាទឹកទុក នៅតាមបណ្តាខេត្តភាគពាយ័ព្យ ដែលរងគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងនៅ ប្រព័ន្ធធារាសាស្រ្តកង្ហត និងប្រព័ន្ធធារាសាស្រ្តកំពីងពួយ ក្នុងខេត្តបាត់ដំបង។

រដ្ឋមន្រ្តី លឹម គានហោ និងក្រុមការងារបច្ចេកទេស បានចុះពិនិត្យផ្ទាល់លើលទ្ធផលការងារជួសជុលបន្ទាន់បិទផ្ជិតភ្លឺប្រឡាយ និងទំនប់ ដែលបានអនុវត្តរួចរាល់តាំងពីថ្ងៃទី២៣ ខែតុលា បន្ទាប់ពីរងការយាយី ខូចខាតដោយជំនន់ទឹកភ្លៀងកាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២០ តាមចំណុចទីតាំង នៃប្រព័ន្ធទាំង០២ខាងលើ រួមមាន៖

* ប្រព័ន្ធធារាសាស្រ្តកង្ហត នៅចំណុចបាក់ដាច់ភ្លឺប្រឡាយបេតុង នៃប្រឡាយមេលេខ១ ប្រឡាយមេលេខ២ និងប្រឡាយរងមេលេខ៥
* ប្រព័ន្ធធារាសាស្រ្តកំពីងពួយ នៅប្រឡាយអាងភាស ប្រឡាយអាងដង្កោ ប្រឡាយមេស្រែថ្មី ប្រឡាយមេទ្វារទឹក៨ និងប្រឡាយមេទ្វារទឹក១០។

ជាលទ្ធផលជាក់ស្តែង ការងារជួសជុលបិទផ្ជិតទំនប់បាក់ដាច់ដើម្បីខ្ចប់រក្សាទឹកទុក គឺបានធ្វើការជួសជុលតាមលក្ខណៈបច្ចេកទេសឡើងវិញ តាមផែនការគ្រោងទុករបស់ក្រសួង ជាទិសដៅបន្តនឹងធ្វើការកែលម្អប្រព័ន្ធឲ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងពេលបច្ចុប្បន្ននេះ ប្រជាកសិករកំពុងរីករាយ នឹងការងារបង្កបង្កើនផលស្រូវវស្សាលើកទី២ របស់ពួកគាត់ ជាមួយបរិមាណទឹកពេញប្រឡាយ អាងទឹក នៃប្រព័ន្ធធារាសាស្រ្តខាងលើ ដែលបានខ្ចប់រក្សាទុក បានទៅតាមផែនការ អន្តរាគមន៍ទាន់សភាពការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម។

ចំពោះបេសកកម្មរដ្ឋមន្រ្តី លឹម គានហោ និងក្រុមការងារនាព្រឹកនេះ គឺស្ថិតក្នុងសកម្មភាពវិធានការទី២ នៃយុទ្ធសាស្រ្តអន្តរាគមន៍ជំនន់ទឹកភ្លៀងទាំង០៣ របស់ក្រសួងធនធានទឹក និងឧតុនិយម មាន៖

* ទី១៖ អន្តរាគមន៍ជាបន្ទាន់ភ្លាមៗ បិទផ្ជិតភ្លឺប្រឡាយ ទំនប់អាងទឹកដើម្បីខ្ចប់រក្សាទឹកទុក ទោះក្នុងតំលៃណាក៏ដោយ
* ទី២៖ ក្រុមការងារបច្ចេកទេសក្រសួង កំពុងសហការជាមួយក្រុមការងារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យវាយតំលៃ ដើម្បីបន្តជួសជុល និងកែលម្អឲ្យបានល្អប្រសើរ
* ទី៣៖ ទិសដៅទៅអនាគត គឺធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តឲ្យកាន់តែប្រណិត ដើម្បីធានាគុណភាពរឹងមាំតាមលក្ខណៈបច្ចេកទេសប្រើប្រាស់យូរអង្វែង បម្រើជាពហុប្រយោជន៍ដល់ប្រជាពលរដ្ឋ៕