(ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឲ្យអ្នកប្រកបវិជ្ជាជីវៈខាងវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវចុះបញ្ជីនៅក្រសួងជំនាញ ឲ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ស្របពេលប្រកាសអន្តរក្រសួង គឺក្រសួឮងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម បានប្រកាសជាផ្លូវការហើយនោះ ។

លោកថ្លែងបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាម សម្រាប់អាជ្ញាបណ្ណលើ វិស័យព័ត៌មាន និងសោតទស្សន៍» ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោក មាស សុភ័ណ្ឌ បានលើកឡើងពីខ្លឹមសារសំខាន់ៗមួយចំនួន នៃប្រកាសអន្តរក្រសួង រវាងក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ស្តីពីការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាម សម្រាប់អាជ្ញបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍។ លោកបានក្រើនរំលឹក អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យទាំងនេះថា ការចុះបញ្ជីនៅក្រសួងជំនាញបានត្រឹមត្រូវ ធ្វើឲ្យអង្គភាពព័ត៌មាន ឬសោតទស្សន៍នោះ នឹងត្រូវបានការពារដោយច្បាប់ ទាំងម៉ាករបស់ខ្លួន និងពាណិជ្ជនាមរបស់ខ្លួនបាន ពេលកើតមានវិវាទណាមួយកើតឡើង។

ក្រៅពីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន ថែមទាំងបានជំរុញដល់អ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ត្រូវប្រកាន់យកវិជ្ជាជីវៈ ដើម្បីរក្សាបាននូវតម្លៃព័ត៌មាន ក៏ដូចជាស្ថាប័នរបស់ខ្លួនផងដែរ។

លោកបានបញ្ជាក់ទៀតថា «ក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម បានឈានទៅដល់ការឯកភាពគ្នា នៅក្នុងការបញ្ញត្តិនូវប្រកាសរួមមួយ ដើម្បីផ្ដល់នូវគុណតម្លៃ សម្រាប់អង្គភាព ឬក៏បងប្អូនដែលប្រកបវិជ្ជាជីវៈសារព័ត៌មាន និងទទួលព័ត៌មាននៅកម្ពុជានេះ ឲ្យកាន់តែមានគុណតម្លៃការប្រកបវិជ្ជាជីវៈប្រកបដោយគុណភាព ការប្រកបជីវៈប្រកបទៅដោយក្រមសីលធម៌វិជ្ជាជីវៈ និងការប្រកបវិជ្ជាជីវៈដោយការអនុវត្តទៅតាមនីតិវិធី និងច្បាប់ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន»

កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ការស្នើសុំបើកអង្គភាពព័ត៌មាន និងសោតទស្សន៍ តម្រូវទាំងចុះបញ្ជីនៅក្រសួងព័ត៌មាន និងក្រសួងពាណិជ្ជកម្ម ទើបអាចដំណើរការបាន។ លោកបានបញ្ជាក់ថា កាលពីមុនការស្នើសុំបើកអង្គភាពព័ត៌មាន និងសោតទស្សន៍ តម្រូវតែត្រឹមក្រសួងព័ត៌មាន គឺអាចបើកដំណើរការបានហើយ តែឥឡូវជាគោលការណ៍ ត្រូវចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មមួយទៀត។

លោករដ្ឋមន្រ្តី ក៏បានជំរុញអង្គភាពនីតិកម្មក្រសួងព័ត៌មាន ពិនិត្យឡើងវិញនូវអង្គភាពសារព័ត៌មានមួយចំនួន ចំពោះការអនុវត្តនីតិវិធីខាងលើ ព្រមទាំងការអនុវត្តវិជ្ជាជីវៈ ដើម្បីធានាដល់សិទ្ធិរបស់បុគ្គលិក និងបុគ្គលិកដែលបំពេញការងារក្រោមឱវាទអង្គភាពស្ថាប័នសារព័ត៌មាន៕