(ប៉ៃលិន)៖ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តប៉ៃលិន នៅតែបន្តរឹតបន្តឹងច្បាប់ចរាចរណ៍គ្រប់គោដៅយ៉ាងសកម្ម ពិសេសដាក់នៅតាមផ្លូវជាតិ បើទោះបីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះក៏ដោយ ដើម្បីត្រួតពិនិត្យលើរថយន្តដែលល្មើសច្បាប់ដែលបានធ្វើដំណើរតាមផ្លូវនានា ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងផងដែរ។

លោក ប្រាក់ វិញគុណ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា នៅទូទាំងខេត្តប៉ៃលិនសមត្ថកិច្ចនគរបាលចរាចរណ៍បានរឹតបន្តឹង និងដាក់គោលដៅចំនួន៤ រួមមាន៖ ទី១ គោលដៅនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ភូមិប៉ាងរលឹម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន, ទី២ នៅតាមបណ្តោយផ្លូវជាតិលេខ៥៩ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ, ទី៣ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងប៉ៃលិនដាក់ចលតក្នុងក្រុង, និងទី៤ កម្លាំងនគរបាលនៃអធិការនគរបាល ស្រុកសាលាក្រៅចលតក្នុងស្រុក។

លោកនាយរងការិយាល័យបានបញ្ជាក់ថា ការផាកពិន័យនេះធ្វើឡើងតាមគោលការច្បាប់ និងបទបញ្ជារបស់ក្រសួងលើករណីរួមមានម៉ូតូមាន៩ចំណុច និងរថយន្តសន្តោង៧ចំណុច ហើយបទល្មើសដែលប្រជាពលរដ្ឋតែងតែឆ្វេសប្រហែសជាងគេនេះ គឺបើកលើសល្បឿនកំណត់ និងដឹកលើសទម្ងន់ជាដើម។ លោកបន្តថា ចំណែកប៉ុន្មានខែកន្លងមកនេះ បទល្មើសមានការថយចុះច្រើន គឺប្រជាពលរដ្ឋបានគោរពច្បាប់យ៉ាងល្អ គឺមានតែមួយចំនួនតូចប៉ុណ្ណោះ។

ជាមួយគ្នានោះដែលលោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងកុំឆ្វេសប្រហែសឡើយ ព្រោះគ្រោះថ្នាក់វាបណ្តាលឲ្យខាតបង់ទ្រព្យសមត្តិអាយុជីវិតខ្លួន និងអ្នកដ៍ទៃផងដែរ៕