(ភ្នំពេញ)៖ លោក នាង សំរិតកុមារ អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានស្នើឲ្យរដ្ឋបាលទីក្រុងមួយនេះ ជំរុញវិនិយោគិនរបស់ខ្លួន មកបោះទុនវិនិយោគឲ្យបានច្រើនបន្ថែមទៀតនៅប្រទេសកម្ពុជា ក្រោយស្ថានភាពកូវីដ១៩ បានបញ្ចប់ ឬធូរស្រាលជាងមុខ។

ការស្នើនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសលោកបានចូលជួបសំដែងការគួរសមជាមួយលោកស្រី Zong Ming អភិបាលរងទីក្រុងសៀងហៃ។ ជំនួបនេះបានពិភាក្សា ដោយផ្តោតទៅលើកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ ទេសចរណ៍ អាហាររូបករណ៍សម្រាប់និស្សិតកម្ពុជា និងបញ្ហាជំងឺកូវីដ១៩។

លោក នាង សំរិតកុមារ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្នុងជំនួបនោះ លោកបានស្នើរដ្ឋបាលទីក្រុងសៀងហៃ ជួយផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជា និងជួយជំរុញអ្នកវិនិយោគទុននៅទីក្រុងសៀងហៃ មកបណ្តាក់ទុននៅកម្ពុជា ឲ្យបានច្រើនថែមទៀតនៅពេលខាងមុខ។ នេះក៏ព្រោះថា កម្ពុជា-ចិនទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA)។

លោកថែមទាំងបាននាំការផ្តាំផ្ញើពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សាកសួរសុខទុក្ខដល់អភិបាល និងអភិបាលរង ក៏ដូចជាថ្នាក់ដឹកនាំរដ្ឋបាលទីក្រុងសៀងហៃទាំងមូលផងដែរ។

លោក នាង សំរិតកុមារ បានបញ្ជាក់ថា ពេលកូវីដ១៩ ធូរស្បើយនោះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងសៀងហៃ នឹងបន្តរៀបចំសិក្ខាសាលាឱកាសមាសមួយ ដើម្បីប្រាប់វិនិយោគិនរបស់ទីក្រុងនេះ មកស្វែងរកឱកាសវិនិយោគស្រុកខ្មែរ។

លោកអគ្គកុងស៊ុលកម្ពុជា ក៏បានប្រាប់អភិបាលរងក្រុងសៀងហៃ ថាប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៉ី និងលេខ៣នៅលើពិភពលោក (ក្នុងចំណោម១៦៦ប្រទេស) ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ។ នេះជាចំណាត់ថ្នាក់ ផ្អែកតាមរបាយការណ៍ Le Bureau de Prospective Economique របស់ប្រទេសសេណេហ្កាល់ ស្តីអំពីសន្ទស្សន៍ នៃស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។

លោកស្រីអភិបាលរងទីក្រុងសៀងហៃ បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ បាន។ លោកស្រី ក៏បានបញ្ជាក់នៅចំពោះ លោក នាង សំរិត កុមារ ដោយសន្យាថានឹងពិនិត្យលទ្ធភាពផ្តល់អាហាររូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជា និងជំរុញឲ្យអ្នកវិនិយោគទុននៅទីក្រុងសៀងហៃ ធ្វើការបណ្តាក់ទុននៅម្ពុជា ឲ្យបានកាន់តែច្រើននៅពេលខាងមុខ៕