(ភ្នំពេញ)៖ ក្រោយពីបញ្ចប់កិច្ចប្រជុំនាព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ សាលារាជធានីភ្នំពេញ និងក្រុមប្រឹក្សាសកម្មភាពជនពិការ បានឯកភាពសម្រេចមិនឲ្យបងប្អូនជនពិការ ប្រគុំតន្រ្តីរៃអង្គាសប្រាក់ នៅតាមភ្លើងស្តុបទៀតនោះទេ ដើម្បីរក្សាសណ្តាប់ធ្នាប់តាមទីសាធារណៈ ប៉ុន្តែនឹងជួយរៀបចំបណ្តុះបណ្តាល និងជួយរកការងារឲ្យបងប្អូនជាជនពិការធ្វើនៅតាមទីកន្លែងសមរម្យ ដើម្បីជី​វភាពរស់នៅថ្លៃថ្នូរប្រសើរជាង នេះបើយោងតាមមន្រ្តី ដែលចូលរួមកិច្ចប្រជុំ នៅសាលារាជធានីភ្នំពេញ។

ការសម្រេចមិនអនុញ្ញាតឲ្យបងប្អូនជនពិការ ប្រគុំតន្រ្តីនៅតាមភ្លើងស្តុបនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាង លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ និងមន្រ្តីមួយចំនួនផងដែរ នៅសាលារាជធានីភ្នំពេញ។

លោក ឯម ច័ន្ទមករា បានបញ្ជាក់ទៀតថា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងធ្វើការកោះប្រជុំជាមួយក្រុមតន្រ្តីជនពិការទាំងអស់ ឲ្យយល់អំពីគុណតំលៃ និងសិក្សាអំពីតម្រូវការចាំបាច់ ដើម្បីមានភាពងាយស្រួលក្នុងការដោះស្រាយបញ្ហាជូនជនពិការ។

លោក ឯម ច័ន្ទមករា ក៏បានឲ្យដឹងថា កន្លងមកមានឈ្មួញនៅពីក្រោយខ្នងក្រុមតន្រ្តីជនពិការ ដែលឈ្មួញទាំងនោះជាជនពិការផង និងជនមិនពិការផង ព្រមទាំងជាម្ចាស់ជួលឧបករណ៍តន្រ្តី ដែលបាននិងកំពុងប្រើបា្រស់រូបភាពឲ្យក្រុមតន្រ្តីជនពិការ សម្តែងនៅតាមទីសាធារណៈដើម្បីរ៉ៃអង្គាសប្រាក់យកទៅឲ្យពួកគេជាថ្នូរនៃកម្រៃពី ៨០.០០០រៀល ទៅ១០០.០០០រៀលក្នុងមួយថ្ងៃ ទៅឲ្យជនពិការម្នាក់ៗដែលបានប្រគុំតន្រ្តីនៅទីតាំងនីមួយៗ។

លោកអគ្គលេខាធិការរូបនោះបានថ្លែងថា លោកនិងចាត់វិធានការតាមផ្លូវច្បាប់ដល់ជនណា ដែលកំពុងធ្វើសកម្មភាពក្នុងរូបភាពបែបនេះ ព្រោះថាជាការកេងប្រវ័ញ្ចលើជនពិការ ដែលផ្ទុយនឹងច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធជនពិការ។

អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់អំពីគោលជំហរមិនអនុញ្ញាតឲ្យមានការប្រគុំតន្រ្តីរបស់ជនពិការ នៅតាមទីសាធារណៈនោះទេ ដោយលោកយល់ថា មិនចង់ឲ្យជនពិការក្លាយទៅជាជនរងគ្រោះ ហើយដែលយើងត្រូវរកដំណោះស្រាយ ឲ្យបានល្អដើម្បីជួយ ដល់ជនពិការទាំងនោះ តាមរយៈការជួយរកការងារសមរម្យឲ្យជនពិការបានធ្វើ ការដាក់ចេញនូវគោលការណ៍ឲ្យសាលាខណ្ឌ សាលាសង្កាត់ ចុះសិក្សាដោយផ្ទាល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនពិការ ហើយយកចិត្តទុកដាក់បន្ថែម ដើម្បីឲ្យជនពិការមានអារម្មណ៍កក់ក្តៅ។

លោក ប៉ា សុជាតិវង្ស បានប្តេជ្ញាធ្វើជាគំរូក្នុងការជ្រើសរើសជនពិការឲ្យមកបម្រើការនៅសាលារាជធានីភ្នំពេញ ជាពិសេសនៅការរិយាល័យ ច្រកចេញចូលតែមួយ របស់សាលារាជធានីភ្នំពេញ ហើយ លោក ប៉ា សុជាតិវង្ស ក៏បានស្នើដល់អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បញ្ជូនទិន្នន័យឬបញ្ជីឈ្មោះរបស់ក្រុមតន្រ្តីជនពិការ មកសាលារាជធានីភ្នំពេញ ដើម្បីងាយស្រួលគ្រប់គ្រង និងដោះស្រាយបញ្ហាបងប្អូនជនពិការ ហើយសាលារាជធានីភ្នំពេញ ធានាទទួលយកទៅបណ្តុះបណ្តាល និងជួយស្វែងរកការងារឲ្យបានសមរម្យជូនបងប្អូនជនពិការ។ ក្នុងករណីជនពិការខ្វះកន្លែងស្នាក់នៅសាលារាជធានីភ្នំពេញ នឹងអនុញ្ញាតឲ្យស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់សាលារាជធានីភ្នំពេញទៀតផង។

លោកអភិបាលរាជធានីភ្នំពេញបានបង្ហាញឆន្ទៈថា លោកក៏ចង់ឃើញពីការពង្រីកសមត្ថភាពក្រុមតន្រ្តីផងដែរ។ បន្ទាប់ពីការជួសជុលរោង អាយ៉ៃ នៅរមនីយដ្ឋានវត្តភ្នំរួច លោកក៏មានគម្រោងអនុញ្ញាតឲ្យក្រុមតន្រ្តីជនពិការធ្វើការប្រគុំ នៅទីនោះរៀងរាល់ថ្ងៃសៅរ៍ ឬអាទិត្យ។

ក្នុងជំនួបរវាងលោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក៏បានឯកភាពបង្កើតក្រុមប្រឹក្សាសកម្មភាពជនពិការសាលារាជធានីភ្នំពេញ ដើម្បីងាយស្រួលធ្វើកិច្ចសហការណ៍ និងដោះស្រាយបញ្ហាជូនជនពិការបានទាន់ពេលវេលា៕