(ភ្នំពេញ)៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងឱ្យដឹងថា ប្រហែលជា៣សប្ដាហ៍ទៀត យើងអាចដាក់អ្នកដំណើរជាពលរដ្ឋខ្មែរ មកពីក្រៅប្រទេស មកធ្វើចត្ដាឡីស័កនៅ «មណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញ» ដោយរាល់ការចំណាយទាំងស្រុងអំឡុងចត្ដាឡីស័កនេះ រាជរដ្ឋាភិបាលជាអ្នករ៉ាប់រងទាំងអស់ដូចដើម។

ការថ្លែងបែបនេះរបស់លោកស្រីរដ្ឋលេខាធិការ ក្នុងឱកាសអញ្ជើញចុះពិនិត្យមណ្ឌលចត្ដាឡីស័ករាជធានីភ្នំពេញនេះ ដែលស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

លោកស្រីថ្លែងបន្ដថា «ពេលដែលមណ្ឌលចត្ដាឡីស័កបានធ្វើរួចរាល់នៅចុងឆ្នាំ២០២០នេះ រាល់អ្នកដំណើរមកពីក្រៅប្រទេស ជាពលរដ្ឋខ្មែរយើង នឹងយកមកធ្វើចត្ដាឡីស័កនៅទីតាំងនេះទាំងអស់។ ដោយកន្លងមក យើងបានយកទីតាំងសាលារៀនមួយចំនួន និងទីតាំងផ្សេងទៀត ដើម្បីធ្វើចត្ដាឡីស័កដល់ពួកគាត់»

លោកស្រីបានបញ្ជាក់ថា «ក្នុងមួយសប្ដាហ៍ ចំនួនអ្នកចត្ដាឡីស័ក មានរហូតដល់ទៅជាង១ពាន់នាក់ ដោយសារតែថ្ងៃខ្លះអ្នកចត្ដាឡីស័ករហូតដល់ទៅ២០០នាក់ ខណៈដែលជើងហោះហើរពីក្រៅប្រទេសចូលកម្ពុជា ក្នុងមួយថ្ងៃចាប់ពី ៣-៥ជើង ហើយអ្នកដំណើរចាប់ពីជាង២០០ ដល់ជាង១,០០០នាក់»

សូមជម្រាបថា ក្រសួងសុខាភិបាល សហការជាមួយសាលាធានីភ្នំពេញ សាងសង់មណ្ឌលចត្ដាឡីស័ក មានចំនួន៤អគារ អាចដាក់បាន៤៦០នាក់ និងពង្រីកអគារចំនួន២ទៀត ដែលអាចដាក់អ្នកចត្ដាឡីស័កឱ្យបាន៨០០នាក់ ក្នុងទំហំដីប្រហែល១ហិកតា ចំណាយថវិកាសរុប ៧៩ម៉ឺនដុល្លារ ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា។

កន្លងមកក្រសួងសុខាភិបាល បានយកសាលារៀនមួយចំនួននៅរាជធានីភ្នំពេញ ធ្វើជាកន្លែងដាក់ចត្ដាឡីស័ក សម្រាប់បងប្អូនខ្មែរយើង ដែលមកពីក្រៅប្រទេសចូលមកកម្ពុជា មានដូចជា៖ វិទ្យាល័យ ហ៊ុន សែន ជម្ពូនវ័ន្ដ, បុរី១០០ខ្នង, កងទ័ពអាកាស, សាលាគរុកោសល្យ ភ្នំពេញថ្មី, អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង។ ប៉ុន្ដែបច្ចុប្បន្ននេះ បានប្រគល់សាលារៀនមួយចំនួន ជូនសាលារាជធានីភ្នំពេញវិញហើយ នៅតែមណ្ឌលចតា្ដឡីស័កចំនួន៣ គឺនៅកងទ័ពអាកាស, វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង និង អនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង។

លោកស្រីថ្លែងបញ្ជាក់ទៀតថា នៅពេលមណ្ឌលចត្ដាឡីស័កទីតាំងថ្មីនេះ ធ្វើរួចរាល់ សម្រាប់អ្នកដំណើរជាពលរដ្ឋខ្មែរ មកពីក្រៅប្រទេស គឺមកធ្វើចត្ដាឡីស័កនៅទីតាំងថ្មីនេះ លើកលែងតែជនបរទេស ដែលត្រូវសម្រាកនៅសណ្ឋាគារ។ ការអនុវត្ដនេះ ធ្វើឡើងដើម្បីមានភាពងាយស្រួល ក្នុងការគ្រប់គ្រង ដោយសារនៅមណ្ឌលចត្ដាឡីស័កនេះ មានគ្រូពេទ្យប្រចាំការជាប់ជានិច្ច និងបំពាក់សម្ភាររួចជាស្រេច៕