(ភ្នំពេញ)៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអះអាងថា ការសម្រេចបិទស្ថានទូតនៅកម្ពុជាដោយខ្លួនឯងរបស់ប្រទេសស៊ុយអ៊ែត វាជាសិទ្ធិរបស់រដ្ឋាភិបាលស៊ុយអ៊ែត ប៉ុន្តែលោកថា ប្រទេសទាំងពីរនៅតែបន្តទំនាក់ទំនងល្អជាមួយគ្នាដដែល។

លោក កុយ គួង បានបញ្ជាក់ប្រាប់ Fresh News នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖ «វាជាកិច្ចការផ្ទៃក្នុងរបស់គេ ជាសិទ្ធិរបស់គេក្នុងការបង្កើតស្ថានទូត ឬបិទស្ថានទូត អាហ្នឹងស្រេចតែគេទេ ហើយពាក់ព័ន្ធ ទំនាក់ទំនងរវាងកម្ពុជា-ស៊ុយអែតហ្នឹង មិនមានអ្វីប្រែប្រួលទេ»

ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួន នៅថ្ងៃទី២៧ ខែវិច្ឆិកានេះថា រដ្ឋាភិបាលខ្លួន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ម្សិលមិញ បានសម្រេចបិទស្ថានទូត របស់ខ្លួនប្រចាំនៅរាជធានីភ្នំពេញ នៅចុងឆ្នាំ២០២១ ខាងមុខនេះ។ ស្ថានទូតបានអះអាងថា ស៊ុយអែតមានទំនាក់ទំនងល្អជាមួយកម្ពុជារហូតមក ហើយខ្លួននឹងបន្តទំនាក់ទំនងនេះ តាមរយៈមធ្យោបាយផ្សេងទៀត បន្ទាប់ពីបិទស្ថានទូត។

ទោះជាយ៉ាងនេះក្តី កម្ពុជាក៏មិនមានស្ថានទូតរបស់ខ្លួនប្រចាំនៅប្រទេសស៊ុយអែតនោះដែរ។ នេះបើតាម លោក កុយ គួង៕