(ព្រះវិហារ)៖ អគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យ ខេត្តព្រះវិហារ ដែលទើបសាងសង់រួចអស់ថវិកា ២៣៣០០ដុល្លារ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួម ពីអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរខេត្ត ស្រុក និងប្រធានមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនៅក្នុងពិធីនោះដែរ លោកទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ទីកន្លែង ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ក្មេងកំព្រា ស្ត្រីមេម៉ាយក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះផ្សេងៗទៀត។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងថា អគារស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជ័យសែន ដែលធ្វើការសម្ភោធដាក់ឲ្យប្រើប្រាស់នៅពេលនេះ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់បម្រើឲ្យសកម្មភាពការងាររបស់មន្ត្រីកាកបាទក្រហម ក៏ដូចជាអ្នកស្មគ្រ័ចិត្តកាកបាទក្រហម។

ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី បានថ្លែងនូវមោទនភាពក្រៃលែង សម្រាប់ខេត្តព្រះវិហារ ដែលនៅតាមក្រុងស្រុកមួយចំនួន បានសាងសង់អគារស្នាក់ការអនុសាខាកាកបាទប្រហមកម្ពុជា បានយ៉ាងស្អាតសមរម្យសម្រាប់ឲ្យមន្ត្រីរបស់យើងធ្វើការ។

លោកថា នេះបង្ហាញឲ្យឃើញពីការចូលរួមចំណែកយ៉ាងធំធេងពីសប្បុរសជនគ្រប់ទិសទី ជាមួយសកម្មភាពមនុស្សធម៍របស់កាកបាទក្រហមកម្ពុជារបស់យើង។

លោកទេសរដ្ឋមន្ត្រី មាស សុភា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមប្រឆាំងដាច់ខាតអ្នកដែលចង់បំផ្លាញសុខសន្តិភាពនៅប្រទេសកម្ពុជាយើង ហើយត្រូវចូលរួមគាំទ្រកម្មវិធីនយោបាយ និងកំណែទម្រង់នានាររបស់រាជរដ្ឋាភិបាល។ លោកអំពាវនាវដល់សប្បុរសជន សូមបន្តចូលរួមគាំទ្រជាមួយសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដើម្បីយើងមានឱកាសជួយ ប្រជាពលរដ្ឋក្រីក្រ និងមួយផ្នែកទៀតយើងអាចកសាងអគារអនុសាខាកាកបាទក្រហមកម្ពុជានៅតាមស្រុកផ្សេងៗទៀត។

ជាចុងក្រោយ លោកទេសរដ្ឋមន្ត្រី មាស សុភា និងក្រុមការងារ បានប្រគល់កំព្យូទ័រ០១គ្រឿង ដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកផ្តល់ម៉ាស់ ៥៥០០ម៉ាស់ ដល់សាខាកាកបាទក្រហម កម្ពុជាខេត្ត ផ្តល់ថវិកាលើកទឹកចិត្តដល់ក្រុមយុវជនស្ម័គ្រចិត្តកាកបាទក្រហម យុវជនកាយរឹទ្ធិ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងប្រជាពលរដ្ឋក្រីក្រ ៣០គ្រួសារ ព្រមទាំងកាត់ខ្សែរបូរសម្ភោធ ដាក់ឲ្យប្រើប្រាស់អគារ ស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជយ័សែនចាប់ពីពេលនេះតទៅ៕